រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា អមដំណើរដោយ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2025 ក+ ក-

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា អមដំណើរដោយ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ក្នុងជំនួបសំណេះសំណាល នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូន ធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់ តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំម្ចាស់កសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេស ពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញក្រៅប្រទេសផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋនៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តមក៏បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង លើមុខដំណាំ សក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។

លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាព នៃការដាំដុះ បកស្រាយ ពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្ម ឱ្យទទួលបានប្រាក់ចំណេញ តាមរយ:ការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕
ចុចបើកLink ទស្សនាព័ត៌មានពិស្ដា៖https://youtu.be/X9kh4hEmKP0