បឹងកេត​អង្គរ​ប៉ះ Yangon FC របស់​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

បាល់ទាត់​៖​សម្រាប់​ការប្រកួត​ពានរង្វាន់ Toyota Mekong Cup Championship 2015 ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា នឹង​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​របស់​មី​យ៉ាន់​ម៉ា Yangon FC នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខនេះ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ប្រជែង​ឡើងទៅ​វគ្គ​បន្ទាប់​។
​បឹងកេត​ទើបតែ​ឡើងមក​លេង​នៅ​លី​ក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​២០១២ ហើយក៏​បានឈ្នះ​ជើងឯក​ក្នុង​ឆ្នាំ​នោះ​តែម្ដង​។ បឹងកេត​ធ្លាប់​ចេញទៅ​ប្រកួត​ពានរង្វាន់ AFC President’s Cup បាន​ម្ដង​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ធ្លា​ក់នៅ​វគ្គ​ចែក​ពូ​ល​។ Yangon United វិញ ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​លី​ក​កំពូល​របស់​មី​យ៉ាន់​ម៉ា បាន ៤​ដង (២០១១ , ២០១២ , ២០១៣ និង ២០១៥) ។ ចំពោះ​ពានរង្វាន់​អន្តរជាតិ​វិញ Yangon ធ្លាប់បាន​ទៅលេង​ពានរង្វាន់ AFC Cup ៣​ដង ដោយ​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​បាន​២​ដង​។​
​គួរ​បញ្ជាក់ថា ការប្រកួត​ក្នុង​ពានរង្វាន់ Toyota Mekong Cup 2015 នេះ​វិញ ក្រុម​បឹងកេត​អង្គរ​បាន​យកឈ្នះ​ក្រុម​ឡាវ Lao Toyota FC ដោយ​លទ្ធផល ២-០ ខណៈដែល​ក្រុម Yangon FC វិញ បាន​យកឈ្នះ​ក្រុម​ឡាវ​នេះដែរ ដោយ​លទ្ធផល ៥-២ ។ ដូច្នេះ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ គឺ​ខាង​ក្រុម​បឹងកេត​ត្រូវការ​ឈ្នះ​ដាច់ខាត​៕

art13.1