សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥នេះថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រ ឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន៨ នាក់ ភេទប្រុស ជនជាតិវៀតណាម ។
ប្រភពបន្តថា គោលដៅទី១ក្រុងបាវិត ចាប់យកនិងដកហូតសម្ភារៈវត្ថុតាងរួមមាន:សារធាតុញៀនសរុបទម្ងន់ជាង៦គីឡូក្រាម(៦.២០១,៨៤ក្រាម) ក្នុងនោះថ្នាំញៀនប្រភេទកេតាមីនទម្ងន់ជាង៤គីឡូក្រាម(៤.២១២,៤៥ក្រាម)។ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទម្ងន់ជាងមួយរយក្រាម(១០៦,០៦ក្រាម)។ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីលទម្ងន់ ១ពាន់៤៣៦,០៩ក្រាម ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់៤៤៤,៦៤ក្រាម។ និងគោលដៅទី២ផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ដកហូតចាប់យកសម្ភារៈវត្ថុតាងរួមមាន (សរុបសារធារធាតុញៀនទម្ងន់ជាង៥០គ.ក្រ(៥០គីឡូ៧១៨,៩៨ក្រាម)។ឧបករណ៍សម្ភារៈកែឆ្នៃរួមមាន:អ៊ិចស្ត្រាយ៉ូស(Extrajoss)ចំនួន៦០ប្រអប់។ម៉ាស៊ីនអ៊ុតមាត់ថង់៣ គ្រឿងម៉ាស៊ីនកំដៅ២ គ្រឿងចង្ក្រានអគ្គីសនី១ គ្រឿងឆ្នាំងសំរាប់លាយកូរ២ គ្រឿងម៉ាស៊ីនAP.01 ចំនួន២ គ្រឿង ម៉ាស៊ីនក្រឡុក៥ គ្រឿងសារធាតុផ្សំ និងសារធាតុគីមីផ្សំជាច្រើនមុខ រថយន្ត៤គ្រឿង ម៉ូតូ៤គ្រឿងទូរស័ព្ទ ចំនួន១០ គ្រឿងព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ROYBgNWphvs