អភិបាលរងខេត្តព្រះវិហារ អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពយុទ្ធជនពលីដោយសារការពារបូរណភាពទឹកដី នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2025 ក+ ក-

(ខេត្តព្រះវិហារ)៖​ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា តំណាងឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្ត​ បានដឹកនាំក្រុមការងារអាជ្ញាធរស្រុកជាំក្សាន្តអញ្ជើញចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈរជើងនៅតំបន់ព្រំដែនចំណុចមុំបី ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភានេះ ។

នាឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសពផងដែរ។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕
ចុចទស្សនាព័ត៌មានពិស្ដា៖https://youtu.be/9RCIlccuZcU