(ភ្នំពេញ)៖ មនុស្សប្រុសស្រីចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោចាប់ឃាត់ខ្លួនភ្លាមៗពីបទពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅត្រួត
ពិនិត្យជាតិស្រវឹង។
អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា៖ កម្លាំងចម្រុះ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅវេលាម៉ោង ២៣និង យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខផ្សារប៉េងអ៊ីម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ស្រាប់តែមានជនសង្ស័យប្រុសស្រីចំនួន៤នាក់ ជិះម៉ូតូពីជើងមកត្បូងឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងកម្លាំងសមត្ថកិច្ចក៏ហៅត្រួតពិនិត្យប្រទះឃើញកញ្ចប់គ្រឿងញៀនក្រាមសថ្លាចំនួន១០កញ្ចប់ ។
លោកអធិការបន្តថា៖ ជនសង្ស័យមានឈ្មោះ កង សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ឈ្មោះ វណ្ណា រក្សា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ឈ្មោះ អាត ស្រីនា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ និងឈ្មោះ សន សម្បត្តិ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
ចុច Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/xSkWmiiqlEc