វៀតណាម គ្រោងសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីខ្លួនតាមសំណើររបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំឡុងពេលសម្ដេចកាន់តួនាទីជានាយករដ្ឋមន្រ្តី(VIDEO INSIDE)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2025 ក+ ក-

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  នាព្រឹកថ្ងៃទី៤ មិថុនា នាវិមាន៧មករា ឯកឧត្ដម ង្វៀន តឹនគឿង (NGUYỄN TÂN CƯƠNG) អនុរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានជម្រាបជូនសម្ដេច ហ៊ុន សែន ពីគម្រោងសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរប្រទេសវៀតណាម។ក្នុងជំនួបនេះឯកឧត្ដម ង្វៀន តឹនគឿង ក៏បានបញ្ជាក់ដែរថា ការសាងសង់ស្តូបនេះ គឺដើម្បីបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ។នេះបើតាមការបញ្ជាក់ តាមរយៈសារសំឡេងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភា ឯ.ឧ ជា ធិរិទ្ធ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភា ក៏បានបញ្ជាក់ផងដែរថា គម្រោងនៃការសាងសង់ស្តូបអនុស្សាវរីយកម្ពុជា-វៀតណាមនេះ គឺចង់បង្ហាញទៅកាន់មតិជាតិ និងអន្តរជាតិ ឱ្យកាន់តែមើលឃើញពីទំនាក់ទំនងដ៏ជិតស្និតរវាងកម្ពុជា និងវៀតណាម នៅគ្រប់កាលៈទេសៈ។ ជាពិសេសគឺរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលធ្លាប់បានរួមគ្នារំដោះជាតិពីអាណានិគម កាលពីអតីតកាល។គម្រោងសាងសង់នេះ ធ្វើឡើងតាមសំណើររបស់សម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្តី នាអាណត្តិទី៦ នៃរដ្ឋសភា កន្លងទៅ។

គួរកត់សម្គាលថា កម្ពុជា បានសាងសង់ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ នៅតាម​បណ្តា​រាជធានី,ខេត្ត​ទូទាំងប្រទេស ដើម្បីរម្លឹកអនុស្សាវរីយ៍ និងសាមគ្គីភាព ក្នុងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។សម្រាប់ខ្លឹមសារប្រវត្តិសាស្រ្ត ដែលត្រូវចារឹកតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម មាន២ចំណុចគឺ៖ កម្ពុជាធ្លាប់ជួយវៀតណាម ក្នុងការបង្រួបបង្រួមទឹកដី ឯវៀតណាមបានជួយកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្តូបមិត្តភាព​កម្ពុជា​-វៀត​ណាម នៅក្នុងប្រទេសវៀតណាម គឺជាឆ្លុះបង្ហាញពីការដឹងគុណគ្នាទៅវិញ​ទៅ​មក។ មានន័យថា កម្ពុជា ក៏បានជួយវៀតណាម ហើយវៀតណាម ក៏បានជួយកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះការសង់​ស្តូប​មិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីររបស់វៀតណាម៕
សូមចុចបើក LINK ដើម្បីទស្សនាព័ត៌មានពិស្ដា៖https://youtu.be/Wnk3NqOz298