បក្សប្រឆាំងបង្ហាញភាពទន់ភ្លន់​ស្វែង រក​ជួប​បក្ស​កាន់អំណាច​ដើម្បី​ជជែក​ពី​បញ្ហា​លោក សម រង្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃនេះ លោក កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក​មធ្យោបាយ​ជួប​គណបក្សកាន់អំណាច​ឆាប់ៗ ដើម្បី​ដោះស្រាយ​នយោបាយ​កំពុង​ជាប់គាំង ជាពិសេស​ករណី លោក សម រង្ស៊ី និង​ការឯកភាព​ជាតិ​។​

​លោក កឹម សុខា អះអាង​នៅពេល​លោក​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា ជំនួប​នោះ​នឹងធ្វើ​យ៉ាងណា​ដើម្បី​រក​ច្រកចេញ គឺ​រក​លទ្ធភាព​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ចូល​ស្រុក​វិញ​ឆាប់ៗ បន្ទាប់ពី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ជុំវិញ​បទ​បរិហារកេរ្តិ៍​កាលពី ជាង ៧​ឆ្នាំមុន​។​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ខ្មែរ​ឯកភាព​ជាតិ​ដើម្បី​បម្រើ​ប្រទេសជាតិ​ដោយ​ភាពស្មោះត្រង់​នឺង​គ្នា​ទើប​សង្គមជាតិ​មាន​យុត្តិធម៌​។​

​ក្នុង​ដំណើរ​វិលត្រឡប់​នេះ ក៏​មានការ​អមដំណើរ​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប​ទៀត​ដែល​ចេញពី​មន្ទីរពេទ្យ​ព្យាបាល​របួស​ដោយ​ហិង្សា​នៅក្បែរ​មន្ទីរ​រដ្ឋសភា​នាពេល​កន្ល​មក​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ។​

​គួររំឭកថា លោក កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​ប្រទេស​៣​នៅ​អាស៊ី​គឺ​ប្រទេស​ម៉ុង​ហ្គោ​លី ជប៉ុន និង​កូរ៉េខាងត្បូង​។ ការធ្វើដំណើរ​របស់​មេ​ដឹកនាំ​បក្សប្រឆាំង​ទាំង​២​នេះ​មានការ កត់សម្គាល់ថា​គឺ​ដើម្បី​ស្វែងរក​ជំនួយ​ផ្លូវចិត្ត​ពី​បរទេស​ករណី​នយោបាយ​នៅ​កម្ពុជា​។ ប៉ុន្តែ​ចំពេល​ដែល លោក សម រង្ស៊ី ត្រូវ​តុលា​ការចេញ​ដីកាចាប់ខ្លួន​ករណី​បរិហារកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ដែល​ប្រធាន​គណបក្សប្រឆាំង​នេះ​ចោទថា​ជា​មេ​គុក​បឹងត្របែក​នៃ​របប​ខ្មែរក្រហម ។​

លោក​អនុប្រធាន​គណបក្សប្រឆាំង​ធំ​នេះ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​មើលឃើញថា​ដើម្បីឱ្យ​ស្ថានការណ៍​នេះ​វិល​មករក​ភាពប្រក្រតី​វិញ​លុះត្រាតែ​អ្នកនយោបាយ ខ្មែរ​ជាពិសេស​គណបក្ស​ធំ​២​បង្ហាញ​ឆន្ទៈ​ដូចគ្នា​គឺ ស្មោះត្រង់​នឹង​ជាតិ​ឯកភាព​ជាតិ​ទើប​ប្រជាជនមាន​សន្តិភាព​។ លោក​អះអាងថា​នឹង​ស្នើ​ជួប​មេដឹកនាំ គណបក្សកាន់អំណាច​ដើម្បី​រក​ការយល់​ចិត្ត​គ្នា​ឡើងវិញ​ករណី​ហិង្សា​នយោបាយ​ដែល​កើតមាន​មកនេះ​។​

​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​មាន​អ្នកគាំទ្រ​មានចំនួន តិចតួចប៉ុណ្ណោះ មក​ទទួល​ដំណើរ​វិលត្រឡប់​លោក កឹម សុខា ៕ដោយ៖ខេមរា

gfvcgggលោក កឹម សុខា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥