ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឲ្យរដ្ឋបាលរាជធានីបន្តចាត់វិធានការចំពោះក្មេងទំនើងបំពាក់បំពង់ស៊ីម៉ាំងធំៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2025 ក+ ក-

ការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ក្នុងនោះដែរសមាជិកក្រុមប្រឹក្សានិងឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឲ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/៤៩លើក ថយចុះ ១២លើក។ក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ។ឆ្លើយតប ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឃួង ស្រេង មានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះ ច្រើនហើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងមានវិធានការ ចំពោះការបំពងសំឡេងរំខានដោយស៊ីម៉ាំងម៉ូតូនិងរថយន្តទាំងនេះ។ ការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។ឯកឧត្ដមអភិបាលរាជធានីបានបន្តថា៖ ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែយើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលយើងត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានធ្វើការអំពាវនាវ ឲ្យមន្ត្រីរាជការទាំងអស់ សូមលើកទឹកចិត្តដល់កងកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ ទោះតិចឬច្រើនក្តី ។ បន្ថែមពីនេះទៀត ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យមន្ត្រី ខណ្ឌ សង្កាត់ អង្គភាពនានា ជួយស៊ែរផេក របស់ថ្នាក់ដឹកនាំរបស់យើងឱ្យបានគ្រប់គ្នា ដូចជាផេករបស់សម្ដេចតេជោហ៊ុន សែន ផេករបស់សម្តេចមហាបវរអធិបតីហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម ដើម្បីបង្ហាញឲ្យឃើញពីទឹកចិត្តរួមគ្នា ដើម្បីជាតិតែមួយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7rPMKHmu3U0