

(ខេត្តកំពង់ឆ្នាំង)៖លោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា÷នៅយប់រំលងអាធ្រាតឈានចូល ថ្ងៃទី ១៧ខែមិថុនាឆ្នាំ ២០២៥ កងកម្លាំង យោធារបស់លោកបានចុះល្បាតនៅតាមគោលដៅមួយចំនួនក្នុងស្រុកជល់គិរី ក៏ប្រទះឃើញប្ដីប្រពន្ធ២នាក់កំពុងប្រើប្រាស់មធ្យោបាយទូកបាឡាស្មាច់១គ្រឿង ធ្វើសកម្មភាពលួចឆក់ត្រីខុសច្បាប់។
បន្ទាប់ពីឃើញកងកម្លាំងល្បាតភ្លាម ប្ដីប្រពន្ធពីរនាក់នេះក៏បានបើកបាឡាស្មាច់រត់គេចខ្លួន។រំពេចនោះកម្លាំងល្បាតក៏ដេញតាមស្ទាក់ចាប់បាននៅចំណុចភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។តែបុរសជាប្ដីបានលោតឡើងគោករត់គេចខ្លួនបាត់បន្សល់ទុកតែប្រពន្ធនិងវត្ថុតាង ឧបករណ៍បទល្មើសនៅនឹងកន្លែងប៉ុណ្ណោះ។
ក្រោយពេលបង្ក្រាបបានកងកម្លាំងយោធាបានសាកសួរជនល្មើសជាប្រពន្ធទើបដឹងថា អ្នកដែលប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីនោះជាប្ដីគាត់មានឈ្មោះ ម៉ាវ ឌឿន តួនាទីជានិពន្ធនាយករងសារព័ត៌មានvcn hotnews។
បច្ចុប្បន្នជនល្មើសជាប្រពន្ធនិងវត្ថុតាងត្រូវបានកងកម្លាំងគោលដៅប្រគល់ជូនទៅជំនាញជលផលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់ ចំណែកឯជនល្មើសជាប្ដីដែលបានរត់គេចខ្លួនកងកម្លាំងយោធាស្នើសុំឲ្យជំនាញជលផលស្រាវជ្រាវបន្តដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់។
តាមការបញ្ជាក់ពីមេបញ្ជាការរង បានឲ្យដឹងថា ដុំឆក់និងដងឆក់ត្រូវបានជនល្មើសទម្លាក់ចោលទៅក្នុងទឹកទៅហើយ៕https://youtu.be/UlgRFAzQ2m4