ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅខេត្តកណ្ដាល អាជ្ញាធរតម្រូវឲ្យភាគីជម្លោះអុជធូបស្បថ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងត្រឹមត្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2025 ក+ ក-

រឿងរ៉ាវវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងលោកស្រី ហែម សុភាព តំណាងប្រជាពលរដ្ឋសមាគមកាំហ្វីត ជាមួយលោកឧកញ៉ា ឡោក ហ៊ួរ និងលោកស្រី តែង ឃុននីន នៅក្នុងឃុំបន្ទាយដែកនិងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត
កណ្តាល ដែលភាគីទាំងបីបានក្តីក្តាំគ្នាជាច្រើនឆ្នាំមកហើយនៅមិនទាន់ចប់។
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ហែម សុភាព និងប្រជាពលរដ្ឋជាច្រើននាក់បានកាន់ធូបទៀន ចេក,នំចំណី,ផ្លែឈើទៅអុជធូបស្បថនៅមុខរូបសំណាកព្រះនរាយណ៍ទល់មុខសាលាខេត្តកណ្តាល ដើម្បីបញ្ជាក់ពីភាពស្អាតស្អំត្រឹមត្រូវដោយមិនបានទៅរំលោភបំពានយកដីគេឡើយ ។ ការដែលមានពិធីអុជធូបស្បថនេះផងដែរ គឺជាការរៀបចំរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ថាតើភាគីណាខូចភាគីណាត្រឹមត្រូវ។ពិធីនេះធ្វើឡើងតាមអបិយជំនឿ បែបព្រហ្មញ្ញសាសនា,ដែលមានតាំងបុរាណកាលមក ។


នៅព្រឹកថ្ងៃទី១៧នេះដែរភាគីលោកស្រីហែមសុភាពនិងប្រជាពលរដ្ឋរបស់សមាគមកាំហ្វីតបានអុចធូបស្បថរួចរាល់ហើយ ។ ចំណែកភាគី២ទៀតមិនទាន់បង្ហាញមុខអុចធូបស្បថនៅឡើយទេ ។
លោកស្រី ហែម សុភាព បានលើកឡើងថា វិវាទដីធ្លីរវាងសមាគមកាំហ្វីតជា មួយលោកឧកញ៉ា ឡោក ហ៊ូរនិងលោកស្រី តែង ឃុននីន នេះបានអូសបន្លាយរយ:ពេល១៨ឆ្នាំមកហើយ។
រឿងក្តីក្តាំគ្នានេះបានទៅដល់តុលាការហើយតុលាការធ្លាប់ចេញដីការចាប់ខ្លួន អ្នកស្រីនិងសមាជិកម្នាក់ដាក់គុកទៀតផង ។

លោកស្រីបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ បានព្រះប្រទានដីទំហំ២ពាន់ហិកតា ដោយ១ពាន់ហិកតាសម្រាប់សមាគម កាំហ្វីត រីឯ១ពាន់ហិកតាទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋចំណាកស្រុកនិងមន្ត្រីចូលនិវត្តន៍តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋសមាជិកសមាជិកាទាំង៨៥០គ្រួសារមានដីអាស្រ័យផលចិញ្ចឹមជីវិត កាត់បន្ថយការធ្វើចំណាកស្រុក ។


លោកស្រី ហែម សុភាព អះអាងថាវិវាទដីធ្លីរវាងសមាគម កាំហ្វីត ជាមួយលោកឧកញ៉ា ឡោក ហ៊ូរនេះ អូសបន្លាយពេលជិត២០ឆ្នាំមក គឺភាគីខាងឧកញ៉ាឡោក ហ៊ូរ ពុំមានឯកសារច្បាស់លាស់នោះទេ។ខណ:ដែលខាងសមាគម កាំហ្វីតមានឯកសារគ្រប់គ្រាន់តាំងពីថ្នាក់ភូមិ.ឃុំរហូតដល់ខេត្ត។មិនតែប៉ុណ្ណោះលោកឡោក ហ៊ូរ ក៏បានរំលោភបំពានលើស.ជ.ណ រាជរដ្ឋាភិបាលទៀតផង។តែតុលាការ នៅតែមិនកាត់ក្តីផ្តល់ភាពយុត្តិធម៌ជូនពលរដ្ឋសមាជិកសមាជិកាសមាគមកាំហ្វីតនោះទេ ។ លោកស្រីប្រធានសមាគម កាំហ្វីតបានបញ្ជាក់ទៀតថា លោកឧកញ៉ា ឡោក ហ៊ួរ កំពុងគ្រប់គ្រងដោយយកទៅជួលឲ្យជនជាតិវៀតណាម អាស្រ័យផល នេសាទ ដាំឈូក ធ្វើស្រូវ ទាំងបំពានច្បាប់ ។


ពាក់ពន្ធ័ទំនាស់ដីធ្លីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលទើបឡើងកាន់តំណែងថ្មីបានបញ្ជាក់ច្បាស់ថា បើរកឃើញកំហុសភាគីណាមួយក្លែងបន្លំឯកសារនិងមានទោស ។ ដើម្បីឲ្យមានទំនុកចិត្តទាំងអស់គ្នាឲ្យភាគីទាំងអស់នាំគ្នាមកស្បថនៅមុខសាលាខេត្តកន្លែងរង្វង់មូលរូបសំណាក ព្រះនរាយណ៍ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ។


នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ហែម សុភាព នឹងសមាជិកសមាជិកាជាច្រើននាក់បាននាំគ្នាអុចធូបស្បថយ៉ាងច្រើនកុះករ ។ ចំណែកភាគីខាងលោកឧកញ៉ា ឡោក ហ៊ួរ និងលោកស្រីតែង ឃុននីនមិនទាន់ឃើញមកស្បថនៅឡើយទេ ។ឆ្លៀតក្នុងពិធីអុចធូបស្បថ លោកស្រី ហែម សុភាព និងសមាជិកសមាជិកាទាំងអស់សូមសំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលមេត្តាជួយពន្លឿនការដោះស្រាយឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានចូលទៅកាន់កាប់អាស្រ័យផលចិញ្ចឹមជីវិត ។
ពាក់ពន្ធ័រឿងរ៉ាវនេះ អង្គភាពសារព័ត៌មានយើង មិនអាចទាក់ទងសុំការបំភ្លឺពីភាគីពាក់ព័ន្ធ លោកឡោក ហួរ និងលោកស្រីតែង ឃុននីនបានទេ ៕


ដោយ៖ ស៊ឹម សាន់

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mB62IIuVdv4