គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​បុណ្យ អុំទូក​ ៧០​លើក ស្លាប់​២៩​នាក់ របួស ធ្ងន់​ស្រាល​៩៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៤​ថ្ងៃ​គិតពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ក្នុងឱកាស​បុណ្យអុំទូក មាន​ចំនួន​៧០​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៣០​នាក់ ។​ចំនួន​នេះ ទាប​ជាង​ឆ្នាំ​២០១៤​។​

តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ ធ្នាប់​សាធារណៈ​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី ២៧ វិច្ឆិកា នេះ​ថា អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​២៩​នាក់ អ្នករងរបួស​មាន​ចំនួន​៩៥​នាក់ ក្នុងនោះ ៧៦​នាក់ រងរបួស​ធ្ងន់ និង​១៩​នាក់​របួសស្រាល​។ ខូច​ម៉ូតូ​ចំនួន ៧៧​គ្រឿង រថយន្ត​ធុន​ស្រាល ២៧​គ្រឿង រថយន្ត​ធុន​ធ្ងន់ ៦​គ្រឿង​និង​យាន​ផ្សេងៗ ១១​គ្រឿង​។​

​របាយការណ៍​បាន​សន្និដ្ឋាន​ពី​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​ដោយសារ​ល្មើស​ល្បឿន​៣៧​លើក ស្រវឹង​១០​លើក មិន​ប្រកាន់​ស្តាំ​១០​លើក មិន​គោរព​សិទ្ធិ​អាទិភាព​៦​លើក បត់​គ្រោះថ្នាក់​៣​លើក បើកបរ​ប្រជែង​គ្រោះថ្នាក់​២​លើក បើកបរ​ងងុយដេក​១​លើក កត្តា​យាន​១​លើក​។

​ខេត្ត​ដែល​រងគ្រោះថ្នាក់​ច្រើន​មានដូចជា​ខេត្តកំពង់ធំ គ្រោះថ្នាក់​៥​លើក ស្លាប់​៥​នាក់ ខេត្តកណ្តាល ៥​លើក ស្លាប់​៤​នាក់ ខេត្តរតនគិរី ៤​លើក ស្លាប់​៤​នាក់ ខេត្តកំពង់ស្ពឺ ៣​លើក ស្លាប់​៣​នាក់ ខេត្តសៀមរាប ៤​លើក ស្លាប់​២​នាក់ ខេត្តកំពត​៩​លើក ស្លាប់​១​នាក់​។​

​គួររំលឹកថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០០០​នាក់ កើន​លើស​ឆ្នាំ​២០១៣ ជាង​២០០​នាក់​៕ដោយ៖គ.បញ្ញាgbhplkmm