ផលិតកម្ម​រស្មី​ហង្ស​មាស​ប្ដឹង ម៉ៅ ហា​ជី ទៅ​តុលាការ​ក្រុងភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​លោក មាស រិទ្ធី អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​រស្មី​ហង្ស​មាស ថ្លែងប្រាប់ ថា​ដោយសារ​លោក ម៉ៅ ហា​ជី មិន​ចូលខ្លួន​ដោះស្រាយ ពេលនេះ​ហង្ស​មាស​បានសម្រេច​ឲ្យ​មេធាវី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ តុលាការក្រុង​ភ្នំពេញ​។

​លោក មាស រិទ្ធី បន្តថា តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​បេក្ខជន​រូបនេះ​ក្នុងពេល​ដ៏ ខ្លី ហើយ​បើ​នៅតែ​មិន​ព្រម​ចូលខ្លួន​ដូច​អ្វីដែល​ខាង​ហង្ស​មាស​ព្យាយាម ទាក់ទង​ទៅ​មិនបាន​សម្រេច​ទៀត​នោះ​គឺ​ចំណាត់ការ​ចុងក្រោយ​នឹង​ចុះ​ចាប់ ខ្លួន​តែម្ដង​។

​លោ​ក មាស រិទ្ធី បន្តថា​ នៅក្នុង​បណ្ដឹង​នោះ ហង្ស​មាស​បានកំណត់​លើ​ការទាមទារ​ឲ្យ​ម៉ៅ ហា​ជី ដោះស្រាយ​បទល្មើស​ទៅលើ​Cambodian Idol ដោយ​កំណត់​ឲ្យ​សងជំងឺចិត្ត​។ លោក​និយាយថា​៖ “ យើង​ទុកពេល​ឲ្យ​គាត់​ច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​លទ្ធផល​ហា​ជី​នៅតែ​បិទ​ទូរស័ព្ទ ហើយ​បើ​លើក​ទូរស័ព្ទ​គឺ​គ្រាន់តែ​ដឹងថា​ហង្ស​មាស​បិទ​ចោល​តែម្ដង ឥឡូវ​យើង​អត់​ទុក​អញ្ចឹង​ទៀត​ទេ គឺ​ហង្ស​មាស​បានដាក់​ពាក្យបណ្ដឹង​ហើយ ដោយ​ស្នើ​ឲ្យ​តុលាការ​អនុវត្ត​ដីកា​កោះហៅ ឬ​ចុះ​ចាប់ខ្លួន​ដើម្បី​ឲ្យ​មក​ដោះស្រាយ​តែម្ដង អត់​ទុក​រឿង​អញ្ចឹង​កើត​ទេ​!”​។​

​លោក មាស រិទ្ធី ​បន្ថែមថា ម៉ៅ ហា​ជី នឹងត្រូវ​កំណត់​ឲ្យ​សងជំងឺចិត្ត​លើសពី​ម៉ឺន​ដុល្លារ ប៉ុន្តែ​គេ​ក៏​អាច​ទទួល​ឱកាស​រួចខ្លួន​ផងដែរ បើ​គេ​សារភាព​បែបណា ធ្វើ​ឲ្យ​លោក អ៊ឹង ឆៃ​ងួន អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស​មានការ​យោគយល់​៕ដោយ៖ ជុំ វិបុល