អ្នក​ប្រឡង​ច្រៀង ម៉ៅ ហា​ជី ៖ ហង្ស មាស បង្ខូចកិត្តិយស និងរំលោភលើ ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2015 ក+ ក-

ភ្នំ​ពេ​ញ៖​លោក ម៉ៅ ហា​ជី បានប្រកាស​ភ្លាមៗ​នៅក្រោយពេល​មន្ត្រី​ទូរទស្សន៍​ហង្ស​មាស​ពី​ការដាក់​ពាក្យបណ្ដឹង តាមរយៈ​មេធាវី​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក​មិន​ខ្លាច​ចំពោះ​ចំណាត់ការ​ណាមួយ​របស់​ហង្ស​មាស​នោះទេ ព្រោះ​មិនមាន​លក្ខខណ្ឌ​ណាមួយ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​ចូលខ្លួន​ដោះស្រាយ​នោះឡើយ​។​

​បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​Cambodian Idol លោក ម៉ៅ ហា​ជី បាន​ចេញមុខ​ប្រាប់​អ្នកកាសែត​ថា អ្វីដែល​ហង្ស​មាស​បង្កឡើង​គឺជា​ការ​បង្ខូច​កិត្តិយស និង​រំលោភ​លើ​ខ្លួន​ទាំងស្រុង​។ លោក​ប្រាប់ថា​៖ “​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ខ្ញុំ រវល់​នៅតាម​ខេត្ត​រហូត​គឺ​អត់​មាន​ដឹង​រឿង​អី​ទេ​។ ប្រហែល​កន្លះ​ខែ​មុន ខ្ញុំ​ឃើញ​ពូ​រិទ្ធី​គាត់​ប្រកាស​ឲ្យ​ខ្ញុំ​ចូលខ្លួន​ទៅ​ដោះស្រាយ ហើយ​ថា​ដោះស្រាយ​រឿង​អី​ទេ បើ​ខ្ញុំ​អត់​មាន​បានធ្វើ​អី​ខុស​ផង ដល់​មុននេះ​ទៀត​ឮថា​ខាង​ហង្ស​មាស​ប្ដឹង​ខ្ញុំ ខ្ញុំ​ថា​ប្ដឹង​រឿង​អី បើ​ខ្ញុំ​អត់​មាន​ដឹងអី​ផង​ហ្នឹង​”​។​

​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ថា​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថោ ន លោក​ថា មិនមែនជា​ការពិត​នោះទេ​គឺ​លោក​គ្រាន់តែ​បាន​ជជែក​លែង​ជាមួយ​អ្នកភ្លេង និង​បុគ្គលិក​របស់​ក្លិប​ថោ​ន ក្នុងពេល​ផឹកស៊ី​បាន​ម្ដង​ពីរដង​ធ្វើ​ឲ្យ​ការទំនាក់ទំនង​មាន​ភាពល្អប្រសើរ បន្ទាប់ពី​ខ្លួន​ប្រលង​ធ្លាក់​ពី​កម្មវិធី​Cambodia Idol ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ លោក ម៉ៅ ហា​ជី បាន​សង្កត់ធ្ងន់ថា បើទោះជា​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ថោ​ន​ពិតមែន ក៏​មិនមាន​អ្វី​ត្រូវ​នាំ​ឲ្យ​កើតការ​ប្ដឹងផ្ដល់​នោះដែរ ដោយសារតែ​កិច្ច​កុងត្រា​ជាមួយ Cambodian Idol គឺ​គ្រាន់តែ​ចង​បេក្ខជន​បេ​ក្ខ​នារី​កុំ​ឲ្យ​រត់ចោល​ការប្រឡង​មុនពេល កម្មវិធី​ត្រូវបាន​ពន្យារពេល​។ លោក​និយាយថា​៖ “​ក្នុងពេល​ប្រឡង​ហ្នឹង គេ​មាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០១៦​មែន ប៉ុន្តែ​បើតាម​អ្វីដែល​ខ្ញុំ​ចាំ​គឺ​គេ​ខ្លាច​កម្មវិធី​ហ្នឹង​ត្រូវ ពន្យារ​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នៅតែ​មិនទាន់​ចប់ ហើយ​តម្រូវ​បេក្ខជន​កុំ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី​ណា ឬ​ជាមួយ​ផលិត​កម្មណា ដែល​នាំ​ឲ្យ​គេ​បិទ​សិទ្ធិ​មិន​ឲ្យ​មក​ប្រឡង​នៅក្នុង​កម្មវិធី​ធ្វើ​ឲ្យ​ខូច ដល់​កម្មវិធី Cambodian Idol ប៉ុណ្ណោះ តែ​ឥឡូវ​កម្មវិធី​ហ្នឹង​ចប់​ហើយ ម៉េច​ថា​ខ្ញុំ​រំលោភ​កុងត្រា​”៕