ទឹកទន្លេមេគង្គនឹងហក់ឡើងខ្លាំងនៅខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2014 ក+ ក-

ភ្នំពេញ៖ រយៈ ពេល ៣-៤ ថ្ងៃខាងមុខទៀតនេះទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាមនឹងហក់ឡើងខ្លាំងជិតដល់កម្រិតប្រកាសឲ្យមាន ការប្រុងប្រយ័ត្ន។នេះបើតាមការប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៤នេះ ។ក្នុងសេចក្តីប្រកាសក្រសួងធនធានទឹកក៏បានឲ្យដឹងដែរថា ទឹកទន្លេមេគង្គក្រោម ទន្លេសាបនិងទន្លេ បាសាក់ទឹកក៏នឹងបន្តហក់ឡើងជាបន្តបន្ទាប់ ហើយបន្តហក់ឡើងដែលកំពស់ទឹកទន្លេនឹងធ្វើឲ្យទឹកហូរ ចូលព្រែកនិងលិចតំបន់ទំនាបតាមដងទន្លេមួយចំនួននាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំនិងដំណាំ កសិកម្ម។

ក្រសួងបានបញ្ជាក់ទៀតថា ទឹកជំនន់នេះកើតឡើងដោយសារតែមានទឹកភ្លៀងធ្លាក់ខ្លាំងនៅអាងទន្លេ មេគង្គក្នុងប្រទេសកម្ពុជា ឡាវ និង ថៃ ក្រោមឥទ្ធិពលព្យុះទី៩ ឈ្មោះថា រ៉ាម៉ាសាន់។

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវតាមរយៈសេចក្តីប្រកាស នេះដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ឲ្យមានវិធានការនិងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ខាងលើ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ៕ម៉ានូ