​អ​.​ប​.​ព បញ្ជូន​ខ្លួន​លោក ហ៊ី ណារិន អតីត​អធិការ​ខណ្ឌមានជ័យ​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2014 ក+ ក-

ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​)​នៅ​រសៀល​ថ្ងៃទី​២​ខែកញ្ញា​នេះ បាន​បញ្ជូន​លោក ហ៊ី ណារិន អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ដ​នីតិវិធី ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ និង​ពុករលួយ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) បាន​បញ្ជាក់ថា ផ្អែក​តាម​ព័ត៌មាន​ទទួលបាន​ពីសា​ក្សី ដែលជា​មន្ត្រីនគរបាល និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខណ្ឌមានជ័យ ក៍​ដូចជា​ចម្លើយសារភាព​របស់លោក ហ៊ី ណារិន ផ្ទាល់​ថា បាន​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​ពិតប្រាកដ​មែន ដោយបាន​កិបកេង​ទឹកប្រាក់​ប្រមាណ ២.៧១២.២៣៦.០០០ រៀល ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

សេចក្តីប្រកាស​ព័​ត៍​មាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​៨ ខែ និង​បាន​ជួប​ប្រមូល​ព័ត៌មាន​ពី​មន្ត្រីនគរបាល ដែល​បំរើ​ការងារ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចំនួន ៤១ រូប និង​ការប្រមូល​ព័ត៌មាន​ពី​ប្រភព​នានា​ជាច្រើន​។​អង្គភាព​ប្រឆាំង អំពើពុករលួយ​បាន​ឃាត់ខ្លួន​ឈ្មោះ ហ៊ី ណារិន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​បុគ្គល​នេះ​បាន​ប្រព្រឹត្តិ​ល្មើស​ចំនួន​៨ ករណី​ធំៗ មុននឹង​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​នេះ​។ បទល្មើស​ទាំងនោះ​រួមមាន ទី​១.​ការ​បើ​យកប្រាក់​ខែ​របស់​មន្ត្រីនគរបាល ដែល​អវត្តមាន​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៤ និង មន្ត្រីនគរបាល​ដែល​អសកម្ម​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩​។ ទី​២. ការតម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្នុង​ការធ្វើ​សៀវភៅ​ស្នាក់នៅ (​ក​២) ១​ក្បាល​ចំនួន​៥០០០០ រៀល សៀវភៅ​គ្រួសារ​១​ក្បាល​៥០០០០​រៀល និង​ចុះឈ្មោះ​សមាជិក​ថ្មី​ចំនួន​២០០០០​រៀល ក្នុង​ម្នាក់ៗ ទី​៣.​តម្រូវ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ទិញ​អាវ​ចំណាំងផ្លាត​និង​ស្រោម កាំភ្លើង​វែង​។ ទី​៤. ការ​កេង​យកប្រាក់​ឧ​ប​ត្ត​ម្ភ​កម្លាំង​ហ្វឹកហាត់​ការពារ​បាតុកម្ម​។ ទី​៥.​តម្រូវ​ឲ្យ​មេ​ល្បែងស៊ីសង ម្ចាស់​អាជីវកម្ម​រោងចក្រ និង​មន្ត្រី​មួយចំនួន​បង់ប្រាក់​ជា​រៀងរាល់ខែ​។ ទី​៦.​ការទាមទារ​លុយ​ពី​ម្ចាស់​ម៉ូតូ ដែល​ចាប់​ទុក ដោយសារ​គ្មាន​ពន្ធ និង​ការលក់​ម៉ូតូ ដែល​ម្ចាស់​មិន​ដោះស្រាយ​។ ទី​៧. ការប្រមូល​លុយ​ផាកពិន័យ​លើស​កំណត់​ពី​ម្ចាស់​ម៉ូតូ ដែល​ធ្វើ​ចរាចរណ៍​គ្មាន​ស្លាក​លេខ កញ្ចក់ និង​មួក និង​ទី​៨.​ការតម្រូវ​ឲ្យ​បង់លុយ​ពី​ការដោះស្រាយ​វាទ​គ្រោះថ្នាក់​ចរាចរណ៍ចំនួន​១០ ភាគរយ​នៃ​ថ្លៃ​សំណង​។

​ជនសង្ស័យ ហ៊ី ណារិន ត្រូវបាន​សាកសួរ​ដោយ​លោក អ៊ុំ សុភ័ក្ដ្រ ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅនឹង​ការប្រ​ព្រឹ​ត្ដ​អំពើ​ខុសច្បាប់​ និងពុករលួយ​៕​Untitled-4

លោកហ៊ី ណារិន អតីតអធិការនគរបាលខណ្ឌមានជ័យ(រូបថត cen)