ភ្នំពេញ៖អំពើអបាយមុខនៅលើទឹកដីខណ្ឌដូនពេញក្នុងដំណាក់កាលចុងក្រោយនេះ បានកើតមានល្បែងស៊ីសសងដូចជាកន្ទុយលេខ បៀរ អាប៉ោង គ្រឿងញៀន ពេស្យាចារ យ៉ាងពេញបន្ទុក ជាក់ស្តែងនៅក្នុងភោជនីយដ្ឋាន ផ្ការាំងភ្នំ ខាងលិចមន្ទីរពេទ្យធំមួយ កន្លែង និងមួយកន្លែងទៀតក្នុងទីតាំងលក់ឡានយីហោ ៧៧៧៧ ខាងក្រោយស្ថានទូតអាមេរិក។
អ្នករស់នៅក្នុងទីក្រុងភ្នំពេញភាគច្រើនសុទ្ធតែបានដឹងថា ក្នុងទឹកដីខណ្ឌដនពេញដែលគ្រប់គ្រងដោយលោកអភិបាលខណ្ឌ គួច ចំរើន បានកើតមាននូវក្រុមសង្គមងងឹត និងពួកឪកាសនិយម ដែលករណីខ្លះមានមន្ត្រីដែលមានបុណ្យស័ក្តិខ្ពស់នៅឈរកាងពីក្រោយបទលើ្មសនោះទៀតផង។
ក្រៅពីនេះក៏នៅមានមន្ត្រីខិលខូចខ្លះ ហ៊ានចេញមុខបើកកន្លែងល្បែងស៊ីសងដោយចំហដែលទង្វើនេះត្រូវបានគេចាត់ទុកថា គឺជាក្រុមមន្ត្រីបញ្ញើក្អែកលើបង្គងនៃគណបក្សកាន់អំណាចដែលគ្របដណ្តប់ទិដ្ឋភាពសង្គម ដើម្បីមានឪកាសប្រព្រឹត្តបទលើ្មស ឬប្រព្រឹត្តអំពើពុករលួយដោយគ្មាននរណាហ៊ានប៉ះពាល់។
ដើម្បីឆ្លុះបញ្ចាំងចំពោះការលើកឡើងនេះ សូមលើកយកករណីល្បែងស៊ីសងដ៏ធំចំនួនពីរកន្លែង ក្នុងចំណោមវង់ល្បែងជាច្រើនកន្លែងនៅលើទឹកដីខណ្ឌដូនពេញ គឺមួយកន្លែងស្ថិតនៅក្នុងភោជនីយដ្ឋាន ផ្ការាំងភ្នំ ជ្រុងខាងជើងមន្ទីរពេទ្យជប៉ុន និងខាងជើងវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។មួយកន្លែងទៀត នៅក្នុងទីតាំងឃ្លាំងលក់រថយន្តយីហោ ៧៧៧៧ ស្ថិតក្នុងទីតាំងដីអតីតវិទ្យុជាតិ តាមបណ្តោយផ្លូវលេខ១០២ ជាប់ការ៉ាស់ឡាន១៨៨ ក្នុងសង្កាត់វត្តភ្នំ ក្រោយស្ថានទូតសហរដ្ឋអាមេរិក។
មន្ត្រីអាជ្ញាធរមួយរូបបានខ្សឹបប្រាប់ឲ្យដឹងថា វង់ល្បែងស៊ីសងដ៏ធំទាំងនេះ ជារបស់មន្ត្រីប៉េអឹមផ្នែកព័ត៌មានដ៏មហិមាម្នាក់ឈ្មោះ រ៉ា ហៅ រតនៈ ហើយកន្លងមក គ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។មូលហេតុដែលគ្មានការចុះបង្ក្រាបនោះ ត្រូវគេដឹងថាបណ្តាលមកពីអំពើពុករលួយរបស់សមត្ថកិច្ចមូលដ្ឋាន ឬលើសពីថ្នាក់មូលដ្ឋាន ទើបលោក រ៉ា ហៅ រតនៈ អាចបើកលេងយ៉ាងអនាធិបតេយ្យបានដោយសុវត្ថិភាពបែបនេះ។
មន្ត្រីប៉េអឹមលោក រ៉ា ហៅ រតនៈ មិនអាចស្វែងរកការបកស្រាយឆ្លើយតបចំពោះកាលើកឡើងដូចខាងលើនេះបានឡើយ ព្រោះបុគ្គលិកដែលធ្វើការនៅក្នុងទីតាំងនោះ សុទ្ធតែបានឆ្លើយពង្វាងដោយលាក់លៀមថា មិនស្គាល់លេខទូរស័ព្ទរបស់លោក។ចំណែកលោក គួច ចំរើន អភិបាលខណ្ឌ ដូនពេញ ក៏មិនអាចទាក់បានដែរកាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ម្សិលម៉ិញនេះ៕ដោយ៖បូរ៉ាគន្ធ