មណ្ឌលគិរី៖កម្លាំងស៊ីឈ្នួលជាច្រើនាក់ ក្នុងក្រុមហ៊ុនផាស៊ីហ្វិច របស់លោកឧកញ៉ា ថៃ ដែលគេកត់សម្គាល់ថាលោក ថៃ គឺជាឈ្មួញរកស៊ីឈើខុសច្បាប់ដ៏មហិមាម្នាក់នោះ កំពុងមមាញឹកសម្រុកដឹកជញ្ជូនឈើប្រណីតចេញពីស្រុក កោះញែក តាមរថយន្តប្រភេទយីឌុបច្រើនគ្រឿងយ៉ាងគំហុក។នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះញែក។
មន្ត្រីអាជ្ញាធរមូលដ្ឋានមួយរូបបានប្រាប់ឲ្យដឹងថា នៅក្នុងខេត្តនេះ អ្នកណាៗក៏គេដឹងថាលោក ថៃ បានប្រើប្រាស់ឥទ្ធិពលគោរមងារឧកញ៉ាទៅជួញដូរឈើខុសច្បាប់ជាច្រើនឆ្នាំកន្លងមកហើយ គ្មានមន្ត្រីជំនាញថ្នាក់ណាមួយហ៊ានរារាំងសកម្មភាពនោះឡើយ បើទោះបីជាដឹងថា ករណីខ្លះគឺជាបទល្មើសព្រៃឈើក៏ដោយ។ ប៉ុន្តែទោះយ៉ាងណាក៏ប្រភពបញ្ជាក់ថា សកម្មភាពខ្លះដែលគេមិនបង្ក្រាបបទល្មើសព្រៃឈើរបស់ក្រុមឧកញ៉ា ថៃ នោះ ក៏ដោយសារមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ មិនខ្វល់ពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឬការអន្តរាយណ៍ដល់សង្គមជាតិនោះឡើយ។
គួរជម្រាបថា មួយរយះចុងក្រោយនេះ ក្រុមហ៊ុន ផាស៊ីហ្វិច របស់ឧកញ៉ា ថៃ បានសម្រុកប្រមូលឈើប្រណីតដឹកចេញយ៉ាងគំហុកតាមរថយន្តធុនធ្ងន់ប្រភេទយីឌុបជាច្រើនគ្រឿងទាំងយប់ទាំងថ្ងៃ ពីទីតាំងក្រុមហ៊ុចំណុច អូយេស ឃុំស្រែសង្គម ស្រុកកោះញែកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចជំនាញមានដូចជា លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករថ្ឋបាលព្រៃឈើស្រុកកោះញែក លោក ឡុង ប៊ុន អធិការខាងកើតទន្លមេគង្គ និងជាប្រធានព្រៃកាពារដែនអភិរក្សជីវះចម្រុះ ព្រមទាំងលោក សម្រង ឌីវិចិត្ត ប្រធានផ្នែកព្រៃបរិស្ថានភ្នំព្រេច។
ប្រភពមួយផ្សេងទៀតបានប្រាប់ថា លោក ឧកញ៉ា ថៃ បានប្រើមនុស្សជំនិតម្នាក់ឈ្មោះ ធី ឲ្យដើរបញ្ចុះបញ្ចូលមន្ត្រីសមត្ថកិច្ចជំនាញគ្រប់ផ្នែកកុំឲ្យធ្វើដឹងធ្វើឮពីករណីបទល្មើសព្រៃឈើរបស់ខ្លួន ហេតុដូច្នេះហើយទើបបានជាលោក ថៃ អាចបន្តការជួញដូរឈើល្មើសច្បាប់ទាំងយប់ទាំងថ្ងៃគ្មានញញើតដៃបែបនេះឡើយ។
លោក វង្ស សុកសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដែលទើបនឹងផ្លាស់មកថ្មី មេគង្គប៉ុស្តិ៍ មិនអាចទាក់សុំការពន្យល់ឆ្លើយតបចំពោះការចោទប្រកាន់បានទេ កាលពីរសៀលថ្ងៃទី ៦ ខែធ្នូ ២០១៥ កន្លងមកនេះ៕ដោយ៖សុខណាត