មហាជនរិះគន់! មន្ត្រីនគរបាលនៅអធិការដ្ឋានស្រុកចុងកាល់ ផឹកស៊ីស្រវឹង និងមានទំនាស់វាយតប់គ្នាក្នុងកន្លែងធ្វើការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2026 ក+ ក-

ខេត្តឧត្តរមានជ័យ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីយប់មិញ មានករណីមន្ត្រីនគរបាលមួយចំនួននៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ ផឹកស្រាស្រវឹង និងបានកើតមានទំនាស់រហូតដល់វាយតប់គ្នានៅក្នុងបរិវេណកន្លែងធ្វើការ បង្កឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់ពីសាធារណជន។

ប្រភពដដែលអះអាងថា ហេតុការណ៍បែបនេះមិនមែនកើតឡើងជាលើកទីមួយនោះទេ ប៉ុន្តែធ្លាប់មានច្រើនដងរួចមកហើយ។ អ្វីដែលធ្វើឱ្យមហាជនសម្តែងការខកចិត្តនោះ គឺអ្នកពាក់ព័ន្ធសុទ្ធតែជាមន្ត្រីមានតួនាទីជាអធិការរង ដែលគួរតែធ្វើជាគំរូល្អក្នុងការអនុវត្តវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងពេលដែលកងកម្លាំងប្រដាប់អាវុធកំពុងខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិ មន្ត្រីមួយចំនួនបែរជាផឹកស៊ីនៅកន្លែងធ្វើការ ហើយបង្កជម្លោះវាយតប់គ្នាទៅវិញ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ជុំវិញករណីនេះ មហាជនស្នើឱ្យថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេត និងចាត់វិធានការឱ្យបានតឹងរ៉ឹង ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសវិន័យ ឬខុសបទបញ្ជាការងារពិតប្រាកដ ដើម្បីរក្សាកិត្តិយស និងភាពថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕

https://www.facebook.com/share/v/17wuFZASjW