មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកកោះញែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2026 ក+ ក-

ក្នុងប្រតិបត្តិការរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកកោះញែក ដោយដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ៤,៣៦១ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ ៣គ្រឿង និងម៉ូតូ ១គ្រឿង។
ប្រតិបត្តិការនេះដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។ ក្នុងពេលចុះល្បាត កម្លាំងជំនាញបានប្រទះឃើញក្រុមជនសង្ស័យដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែជនល្មើសបានរត់គេចខ្លួន បន្សល់ទុកឈើ និងមធ្យោបាយមួយចំនួននៅកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ខណៈមន្ត្រីជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕