មន្ត្រីពន្ធនាគារខេត្តក្រចេះបើកបរក្នុងស្ថានភាពស្រវឹង បុកពីក្រោយរថយន្តចតស្ងៀម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2026 ក+ ក-

បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមន្ត្រីពន្ធនាគារខេត្តក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងរួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៧៣ ស្ថិតក្នុងភូមិទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 0448 បើកបរដោយឈ្មោះ មាស សាខន ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលគេស្គាល់ថាជាមន្ត្រីពន្ធនាគារខេត្តក្រចេះ បានធ្វើដំណើរក្នុងល្បឿនលឿនពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Ford Everest ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BUNLO.99 របស់ឈ្មោះ ហុង ប៊ុនឡូ ដែលកំពុងចតស្ងៀមជាប់ចិញ្ចើមផ្លូវ (ទិសដៅស្របគ្នា) យ៉ាងពេញទំហឹង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុនិងបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ដែលស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ដោយវាស់វែងជាតិអាល់កុលឃើញរហូតដល់ 1.267 mg/L  ។

រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ។
ដោយឡែក អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបើកបរដែលមានអត្រាជាតិអាល់កុលចាប់ពី 0.40 mg/L ឡើងទៅត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ។ ករណីអ្នកបើកបរខាងលើដែលមានជាតិអាល់កុលរហូតដល់ 1.267 mg/L នេះ ត្រូវប្រឈមមុខនឹងទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ៦ខែ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី ២លាន ដល់ ៤លានរៀល ព្រមទាំងត្រូវទទួលខុសត្រូវសងការខូចខាតរថយន្តរបស់ភាគីរងគ្រោះទាំងស្រុងថែមទៀតផង  ៕