ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនដល់កងកម្លាំងដែលឈរជើងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2026 ក+ ក-

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បាន ចុះសំណេះសំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មកប្រគល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ២០៣ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី
វរសេនាតូចនគរបាលការពារព្រំដែកគោកលេខ៦១៧ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ ស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងឈរជើងនៅសមរភូមិជួរមុខភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យនិងកម្លាំងវរសេនានគរបាលការពារព្រំដែនគោកលេខ៩១១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការកោតសរសើរពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ចំពោះដល់កងកម្លាំងទាំងអស់ ដែល កំពុងឈរជើងនៅសមរភូមិជួរមុខ ដោយបានស្ម័គ្រចិត្តលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ទប់ ទល់នឹងការឈ្លានពានរបស់សត្រូវ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានជូនពរឱ្យកងកម្លាំងទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច មហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គ្រឿងឧបភោគ បរិភោគ ដែលប្រគល់ជូនទាំងអស់ ក្នុង១អង្គភាពរួមមាន៖ អង្ករចំនួន ៣តោន និងទឹកបរិសុទ្ធចំនួន ១០០យួរ ៕ ដោយ៖ណុប រក្សា