អ្នកស្លាប់​ដោយ​ពុល​សាច់​ឆ្កែ​ និង​ពុល​ស្រានៅស្រុកស្នួល​កើន​ដល់​១៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2015 ក+ ក-

​ខេត្ត​ក្រចេះ ៖ អ្នកពុល​សាច់​ឆ្កែ និង​ពុល​ស្រា នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ទាំង​មុន​ទាំងក្រោយ​ស្លាប់​​១០​នាក់  ហើយ​នៅមាន​អ្នកភូមិ​ប្រុស​-​ស្រី​ជាច្រើន​នាក់​ទៀត​ក៏​កំពុងតែ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។ចំណែកអ្នកស្លាប់ ដោយពុល ស្រានៅឃុំ ស្នួល ស្រុកស្នួលបានកើនដល់ ៤នាក់ គិត​ត្រឹម​ថ្ងៃទី ១០ ខែធ្នូ នេះ ។

​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្នួល​បានបញ្ជាក់​ឲ្យ​ដឹងថា មាន​ស្ត្រី​ពីរ​នាក់ រស់នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដែល​រង​នូវ​ការពុល​ធ្ងន់ធ្ងរ​ដោយ​ស្រាថ្នាំ​ត្រាំ​សម្បកឈើ បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃទី​៩-១០ ខែធ្នូ នេះ​។​

​ប្រភព​បន្តថា ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ ឡា​ច សាលី អាយុ​៣៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ច​យ សា​រិៈ អាយុ​៥៥​ឆ្នាំ ។ ក្រៅពី​មាន​អ្នកស្លាប់​ដោយ​ការពុលសាច់ឆ្កែ និង​ស្រាថ្នាំ នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ក៏​នៅមាន​អ្នករងគ្រោះ​កើត​ឡើងជា​បន្តបន្ទាប់​ទៀតកំពុងសម្រាក ព្យាបាល ចំណែកនៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ក៏មានអ្នកពុលស្រា ស្លាប់២នាក់ ទៀត ដែលចំនួនសរុបកើនដល់៤នាក់​ហើយ។​

​គួររំឭកថា ករណី​ពុល​សាច់សត្វ​ឆ្កែ​ដែល​ងាប់​ដោយសារ​គេ​ដាក់​ថ្នាំ​បំពុល ហើយ​អ្នកភូមិ​ក្នុងភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល បាននាំគ្នា​យក​ឆ្កែ​នោះ​ទៅធ្វើ​ម្ហូប​ទទួលទាន​បណ្តាល​ឲ្យ​ពុល​ស្លាប់​ជា​បន្តបន្ទាប់​។​ស្របពេល​គ្នា​នោះដែរ ក៏មាន​បាតុភាព​ថ្មី​មួយទៀត​បាន​ផ្ទុះឡើង​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៨ ខែធ្នូ គឺមាន​អ្នកភូមិ​ជាច្រើន​នាក់​ក្នុង​ឃុំ​ចំនួន ២ ផ្សេងគ្នា ក្នុងស្រុក​ស្នួល រួមមាន​ភូមិ​ត្រពាំង​លាក់​កសិករ ឃុំ​ស្នួល និង​អ្នកភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុងអំឡុង​រយៈពេល ២ ថ្ងៃ​ជាប់ៗ​គ្នា ក្នុងនោះ​ក៏មាន​អ្នកភូមិ​ជាង ១០ នាក់​ផ្សេងទៀត​ត្រូវ​រងគ្រោះ​ដោយ​ការពុល​ផងដែរ ។​

​ក្រោយពេល​មាន​បាតុភាព​ផ្ទុះ​ចេញ​នូវ​ការពុល​សាច់​ឆ្កែ​រហូត​បណ្តាល​ឲ្យ​មាន​អ្នកភូមិ​ខ្លះ ស្លាប់ និង​រងគ្រោះ​នេះ អាជ្ញាធរ​បានដាក់​ការសង្ស័យ​ចំពោះ​អ្នកស្លាប់​ក្នុង​ឃុំ​ផ្សេង​ទៀតថា ការស្លាប់​បណ្តាលមកពី​ស្រា ព្រោះ​អ្នកភូមិ​ទាំងនេះ បាននាំគ្នា​ទៅ​ទិញ​ស្រា​.​ស មាន​ត្រាំ​សម្បកឈើ​នាងនួន ដែល​បាន​ត្រាំ​ដាក់លក់​នៅ​តៀម​លក់​គ្រឿងទេស​មួយ​នៅ​កណ្តាល​ភូមិ មក​ផឹក​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រុម​ជំនាញ​នឹងធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​ស្រា​ដើម្បី​ឲ្យ​ដឹងថា តើ​ស្រា​ដែល​ត្រាំ​សំបកឈើ​ដាក់លក់​ក្នុងភូមិ​នោះ​មាន​សារធាតុ ពុល​មែនឬ​យ៉ាងណា​៕