កំពង់ស្ពឺ៖អ្នកមីង យឿង យន់ និងប្រជាពលរដ្ឋរស់នៅភូមិអូតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កើតទុក្ខមិនសុខចិត្តចេញមុខមកតវ៉ាករណីដែលខាងមេព្រៃ និងប៉ូលីស សេដ្ឋកិច្ចចាប់ឃាត់ទុករថយន្ត១គ្រឿងរបស់គាត់ តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មកទល់នឹងថ្ងៃនេះ មិនទាន់មានដំណោះ ស្រាយ។
អ្នកមីង យឿង យន់ បានប្រាប់ថា មុខពេលកើតហេតុគឺរូបគាត់នឹងកូនប្រុសម្នាក់បាននាំគ្នាចេញដំណើរទៅប្រកបមុខរបបដឹកទឹក និងកម្មករជាធម្មតា ប៉ុន្តែនៅថ្ងៃកើតហេតុគឺមានអ្នកភូមិម្នាក់បានមកសុំផ្ញើឲ្យគាត់ជួយដឹកឈើចំនួន១៧ដុំដើម្បីយកទៅធ្វើតុទូ។ អ្នកមីងបន្តថា គាត់មិនបានចាប់អារម្មណ៏ថាឈើទាំងអស់នោះខុសច្បាប់ទេស្មានថាជាឈើធម្មតា ស្រាប់តែពេលទៅដល់ពាក់កណ្តាលផ្លូវត្រង់ចំណុចអូរទេះភ្លូកក៏មានមន្ត្រីព្រៃឈើនិងប៉ូលីសសេដ្ឋកិច្ចចេញមកចាប់ឃាត់រថយន្តគាត់តែម្តងដោយនិយាយថា គាត់បានដឹកឈើខុសច្បាប់ ហើយទារថ្លៃបង់លុយចំនួនជាង ៥ ទៅ ៦លានរៀល តែរូបគាត់បានប្រាប់ថាឈើទាំងនេះមិនមែនជាឈើរបស់គាត់ទេ។ ប៉ុន្តែមន្ត្រីទាំងអស់នោះមិនខ្វល់អ្វីទេដឹងត្រឹមថាត្រូវបង់ឲ្យពួកគេបើមិនដូច្នេះនឹងរឹបអូសរថយន្តយកទៅរក្សាទុកនៅកន្លែងហើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះទាំងមូលមានការងឿងឆ្ងល់ថា ហេតុអ្វីក៏មិនដែលឃើញមន្ត្រីទាំងអស់នោះចាប់រថយន្ត និងគោយន្តដែលដឹកឈើឆ្លងកាត់រដ្ឋបាលព្រៃឈើជារៀងរាល់នោះផង បើតាមការណ៍ឲ្យដឹងពីអ្នកដឹកឈើតាមគោយន្តថា បានបង់៣០០០០ម៉ឺនរៀលក្នុង១កន្លែង។
ដោយឡែកចំពោះហេតុការណ៍ដែលបានចាប់ឃាត់រថយន្តរបស់ អ្នកមីង យឿង យន់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មកទល់នឹងថ្ងៃនេះ មិនទាន់មានដំណោះស្រាយអ្វីនៅឡើយទេ ៕ដោយ៖សហការី