ភ្នំពេញ៖មេដឹកនាំកំពូលនៃប្រទេសកម្ពុជា និងវៀតណាម គ្រោងនឹងចូលរួមក្នុងពិធីសម្ពោធបង្គោលព្រំដែនដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅខេត្តរតនគិរី និងខេត្តតាកែវ នាចុងសប្តាហ៍នេះ។
តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន និងលោក ង្វៀន តឹងយ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញសម្ពោធបង្គោលព្រំដែនលេខ៣០ នៅចន្លោះច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ច្រកទ្វារព្រំដែនប្រទេសវៀតណាមក្នុងស្រុកដាក់កឺ ។បន្ទាប់ពីអញ្ជើញសម្ពោធបង្គោលព្រំដែនលេខ៣០ នៅខេត្តរតនគិរី រួចហើយ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនឹងបន្តដំណើរទៅចូលរួមសម្ពោធបង្គោលព្រំដែនលេខ២៧៥ នៅតំបន់ភ្នំដិន ខេត្តតាកែវ ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ការបោះបង្គោលព្រំដែនកំណត់ខណ្ឌសីមារវាងប្រទេសកម្ពុជា និងវៀតណាម បោះបានចំនួន ៣១០បង្គោល លើ ៣៧៥ បង្គោល នៅលើដីជាក់ស្តែង។ ចំណែកបង្គោលព្រំដែនលេខ៣០ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងបង្គោលព្រំដែនលេខ២៧៥ នៅតំបន់ភ្នំដិន ខេត្តតាកែវ បានបើកសម្ពោធបើកការដ្ឋានសាងសង់ស្របពេលគ្នា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ៕ដោយ៖ខេមរា
មន្ត្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមខេត្ត
អាងយ៉ាង ដើម្បីពង្រឹងសន្តិសុខក្នុងពេលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ
សម្ពោធបង្គោលព្រំដែននៅខេត្តតាកែវ ។