ដោយ៖សហការី
ស្រុកព្រៃនប់៖កូនកំលោះម្នាក់បានស្លាប់គួរឲ្យរន្ធត់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំថ្ងៃរៀបពិធីមង្គលការ ខណៈខ្លួនជិះម៉ូតូទៅទទួលយកមិត្តភក្តិឲ្យមកធ្វើជាអ្នកកំដរ។
ករណីកូនកម្លោះដល់ថ្ងៃចូលរោងការហើយត្រូវរថយន្តបុកស្លាប់នោះ បើតាមលោកអភិបាលស្រុកព្រៃនប់ថ្លែងថា គ្រោះថ្នាក់នេះកើតនៅពេលកូនកំលោះរងគ្រោះជិះម៉ូតូទៅដឹកមិត្តភក្តិអ្នកកំដរដើម្បីរៀបចំពិធីសូត្រមន្តចូលរោងការនាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ។
ក្រោយពីកូនកំលោះរងគ្រោះឈ្មោះ ស្វាយ រឿន អាយុ២៤ឆ្នាំ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនោះ មង្គលការដែលគ្រោងធ្វើផ្លូវការនៅថ្ងៃ១៨ ខែមករា នេះនៅភូមិតានៃឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ត្រូវបានលប់ចោល ហើយភាគីខាងកូនក្រមុំដែលបូរាណលោកថាមេម៉ាយខាន់ស្លាឈ្មោះ អ៊ីត ចាន់ អាយុ២៤ឆ្នាំដូចគ្នា ក៍បានកែប្រែរោងអាពាហ៍ពិពាហ៍ត្រឡប់ទៅជារោងបុណ្យសពឧទ្ទិសកុសលជូនទៅវិញ្ញាណក្ខ័ន្ធកូនកំលោះនោះវិញភ្លាមៗដែរ។
សេចក្តីរាយការណ៍បន្តថា សពបុរសជាកូនកំលោះគេបានបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពត ហើយកូនក្រមុំក៍បានធ្វើដំណើរទៅចូលរួមក្នុងពិធីបូជាសពកូនកំលោះនៅឯខេត្តកំពតផងដែរ មុននិងត្រឡប់មករៀបចំកម្មវិធីខ្លះតាមជំនឿនៅផ្ទះកន្លែងធ្វើរោងការនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។
នេះជាករណីដ៏កម្រ និងគួរឲ្យសង្វេគមួយដែលសាម៉ីខ្លួនខាងស្រី ក៏ដូចជាសាច់ញាតិទាំងសងខាងមានការរន្ធត់សោកស្តាយ និងអាលោះអាល័យក្រៃលែងក្នុងជីវិតអាពាហ៍ពិពាហ៍៕