ដោយ៖សួង សាម
ភ្នំពេញ៖ រួមមួយកន្លែងកេរតាំងឆ្នាំ១៩៧៩មក ស្ថិតនៅក្នុងភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ត្រូវបានអាជ្ញាធរប្រកាសលក់ដោយសន្យាថា នឹង ចែកលុយអោយប្រជាជន ប៉ុន្តែជិត១ឆ្នាំ ហើយ មិនទាន់ឃើញស្រមោលលុយទេ។
ក្រុមប្រជាពលរដ្ឋបានប្រាប់ មេគង្គប៉ុស្តិ៍ ថា ពលរដ្ឋបានរិះគន់អាជ្ញាធរដែនដីយ៉ាងខ្លាំង ដោយគ្មានជំនឿបន្តិចណាសោះថានឹងបានលុយចំណែក ១ ពាន់ដុល្លារក្នុងមួយគ្រួសារ ពីការលក់ស្រះរួមមួយកន្លែង ដែលជាកេរអាករ តាំងពីឆ្នាំ១៩៧៩ មក។
ប្រជាពលរដ្ឋដែលជាអ្នកភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រមាណ១០០នាក់ តំណាងអោយប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារ បានមកជួបជុំគ្នានៅតំបន់ដីស្រះនោះ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយបាននាំគ្នាសំដែងការមិនទុកចិត្តចំពោះអាជ្ញាធរខណ្ឌពោធិសែនជ័យដែល បានសន្យាថា អោយលុយពួកគាត់ ក្នុងមួយគ្រួសារ ១ ពាន់ដុល្លារ ព្រោះ រយៈពេលជិតមួយឆ្នាំកន្លងមកហើយ នៅតែឮថាឲ្យចាំថ្ងៃនេះ ចាំថ្ងៃនោះមិនចេះចប់។
ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា ដីស្រះនេះ លក់បានចំនួន ជាង៧០ម៉ឺន ដុល្លារ ហើយគ្រោងធ្វើការបែងចែកអោយប្រជាជនចំនួន២៥០គ្រួសារ អស់ចំនួន ២៥ ម៉ឺនដុលា្លរ។ទិញស្នាក់ការភូមិ ២ល្វែង អស់១០ ម៉ឺនដុលារ។នេះជាការសន្យាជាក់ស្តែង តែចំណែកថានឹងជួយជួសជុលប្រព័ន្ធលូ និងឈូសឆាយផ្លូវក៏មិនមានលក្ខណៈប្រាកដប្រជានោះដែរ។
ពលរដ្ឋដដែលបន្តថា សរុបមក សាច់លុយចំណាយជាក់ស្តែង អស់តែ៣៥ ម៉ឺនដុល្លារប៉ុណ្ណោះ ចំណែកប្រាក់ដែលនៅសល់ពួកគាត់មិនចង់ដឹងទេ។
លោកអភិបាលខណ្ឌពោធិសែនជ័យ នៅរសៀលថ្ងៃទី ១៨ ខែមករា នេះ មិនអាចទាក់ទងសុំការបកស្រាយឆ្លើយតបចំពោះការចោទប្រកាន់ខាងលើនេះបានទេ ៕