សៀមរាប៖ថ្មីៗនេះ មានការភ្ញាក់ផ្អើល ដោយលេចរូបភាពក្រុមអ្នកធ្វើបារមីមួយក្រុម ដែលបានទៅអង្គុយលើរូបសំណាក់យាយទេពស្ថិតនៅលើដងផ្លូវជាតិលេខ៦ ខាងលិចព្រះរាជ ដំណាក់ ឫនៅជាប់នឹងទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ប៉ុន្តែអាជ្ញាធរក្រុងសៀមរាបមិនអើពើឡើយ។
លោក ប៊ុន ថាឫទិ្ធ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី២០ មករាឆ្នាំ២០១៦ នេះថា សមត្ថកិច្ចចម្រុះកំពុងតាមចាប់ក្រុមអ្នកធ្វើបារមីនៅសំណាក់យាយទេពនោះហើយ ។
ក្នុងបណ្តេញសង្គមហ្វេសប៊ុកមួយ គេឃើញមានរូបថតមួយចំនួនក្នុងនោះគេឃើញមានស្ត្រីម្នាក់ ក្នុងសំលៀកបំពាក់ និងកាយវិការអង្គុយ ដូចរូបសំណាក់យាយទេពអង្គុយសមាធិលើរូបសំណាកយាយទេព និងមានមនុស្សមួយក្រុម មានគ្នាប្រមាណ១០នាក់ កំពុងអង្គុយសំពះ។
បើតាមលោក ប៊ុន ថាឫទិ្ធ វាយតម្លៃថា សកម្មភាពខាងលើធ្វើឡើងក្នុងរូបភាពលួចលាក់ អាចធ្វើនៅពេលស្ងាត់ អំឡុងពេលម៉ោង១២ ឫម៉ោង១រំលងអាធ្រាត្រ គឺនៅពេលដែលសមត្ថកិច្ចសម្រាក។
លោកអភិបាលរងខេត្តសៀមរាបបន្តថា ក្រុមជនទាំងនោះគឺអ្នកមកពីខាងក្រៅ មិនមែនអ្នកខេត្តសៀមរាបទេ ហើយបើតាមរូបភាព ពួកគេជាជនជាតិខ្មែរ ដែលអាជ្ញាធរពិបាកនឹងសន្និដ្ឋានពីអាសយដ្ឋានពិតប្រាកដ។បើចឹងមែន នោះគេនឹងមិនងាយរកឃើញអត្តសញ្ញាណណាស់។
តែលោក ប៊ុន ថាឫទិ្ធថា មិនយូរទេសមត្ថកិច្ចនឹងអាចរកក្រុមដែលប្រព្រឹត្តិទាំងនោះ ដើម្បីដាក់ទោស ឲ្យសក្តិសមនឹងអំពើដែលពួកគេបានធ្វើលើទីសក្ការៈដែលដែលមានជំនឿនេះ ។
រូបសំណាក់យាយទេព ស្ថិតនៅលើដងផ្លូវជាតិលេខ៦ ខាងលិចព្រះរាជដំណាក់ ឬនៅជាប់នឹងទីសក្ការៈព្រះអង្គចេក ព្រះអង្គចម។ ប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ បានធ្វើដំណើរមកកាន់ទីសក្ការៈនេះ ព្រោះពួកគេជឿលើបារមីស័ក្ថិសិទ្ធិរបស់យាយទេព៕