អាមេរិក៖យ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់ ខណៈដែលការិយាល័យរដ្ឋាភិបាល និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទនៅថ្ងៃច័ន្ទនេះ ដោយសារការធ្លាក់ដុំព្រិលធំៗ គរលើគ្នាយ៉ាងក្រាស់នៅ បណ្ដារដ្ឋភាគខាងកើត សហរដ្ឋអាមេរិក។នេះបើយោងតាមសារព័ត៌មាន Channel newsasia។
ព្យុះព្រិលទាំងនេះត្រូវបានគេដាក់ឈ្មោះថា Snowzilla បានធ្លាក់នៅលើរដ្ឋជាង១០ ចាប់តាំងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យម្សិលមិញ ដែលគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់ប្រជាជនជាង៨៥លាននាក់ ដោយត្រូវសម្ងំតែនៅក្នុងផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ចំណែកនៅឧទ្យាន Central Park ទីក្រុងញ៉ូយ៉ក ព្រិលធ្លាក់កម្រាស់ ៦៨សង់ទីម៉ែត្រ ដែលជាកម្រិតក្រាស់ជាងគេលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រចាប់ តាំងពីឆ្នាំ១៨៦៩ គ្រាដែលនៅវ៉ាស៊ីនតោនមានកម្រាស់៥៥សង់ទីម៉ែត្រ។
ព្យុះព្រិលបានបញ្ចប់ ធ្វើឲ្យសីតុណ្ហភាពវិលមករកប្រក្រតីវិញ ធ្វើឲ្យតាមមហាវិថីធំៗ ស្ថាប័នរដ្ឋ សារមន្ទីរ និងកន្លែងផ្សេងៗទៀត បានបើកដំណើរការឡើងវិញក្រោមសីតុណ្ហភាព សូន្យអង្សា។ ទន្ទឹមនោះចំនួនពលរដ្ឋស្លាប់ គេរំពឹងថានឹងមានការកើនឡើង៕