មេភូមិ មេឃុំ ស៊ី​ញ៉េ​គាំទ្រ​ការទិញ​លក់​ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2016 ក+ ក-

 

3654ដោ​យ៖ ឡុង សារ៉េត​

រតនគិរី៖ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា ស្ថិតនៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ កំពុង​រង​នូវ​ការកាប់បំផ្លាញ និង​ឈូសឆាយ​កាប់​ទន្ទ្រាន​លក់ ទិញ យក​ធ្វើជា​ទ្រព្យសម្បត្តិ​ឯកជន​។​ការរំលោភ​ទន្ទ្រាន​នេះ​ត្រូវគេ​ប្រាប់ថា បង្កឡើង​ដោយ​ក្រុមជនឱកាសនិយម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កាត់​ប្លង់​លក់​បន្ត​ឲ្យ​ឯកជន​ដោយមាន​ចំណារ​ទទួលស្គាល់​ពី​មេភូមិ​មេឃុំ​ទៀតផង​។​

មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​រាយការណ៍​ថា ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ដែល​ត្រូវគេ​ឃុបឃិត​គ្នា​រំលោភ​យក​នេះ​ស្ថិតនៅ​ក្នុងភូមិ​តា​កុក​ព្នង ភូមិ​តា​កុក​ច្រាយ ភូមិ​ខ្វែង ឃុំ​យ៉ា​ទុង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ថ្មីៗ​នេះ  ​បន្ទាប់ពី​ឈូសឆាយ​រួច​ពួកគេ​បាន​កាត់​ជា​ប្លង់​លក់​តាម​អំពើ​ចិត្ត​ដោយមាន​ការសហការ​ពី​មេភូមិ មេឃុំ​ទៀតផង​ក្រោមលេស​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នោះបាន​យល់ព្រម​។​

មន្ត្រី​មូលដ្ឋាន​ដដែល​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​ចាត់វិធានការ ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទំនាស់​ដីធ្លី និង​ការបន្លំ​យក​ដី​បំរុង​របស់​រដ្ឋ​ទៅ​លក់ដូរ​ក្រៅច្បាប់​ជាបន្ទាន់​ផង បើ​មិន​ដូច្នេះ​ទេ​ភាពអនាធិបតេយ្យ​បែបនេះ នឹង​បង្ហាញ​ពី​កម្សោយ​ចំពោះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​សាធារណ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ជាមិនខាន​។​

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ឈួ​ស​ឆាយដី​ព្រៃឈើ​បំរុង​ទុក​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិឯកជន​នោះ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ លោក ឡេង យុគ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ខាងលើ​។

លោក ឡេង យុគ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​យ៉ាងខ្លី​ថា នឹងធ្វើ​ការងារ​នេះ ហើយ​បច្ចុប្បន្ន​កំពុងតែ​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា ជា​ភាពស្របច្បាប់​ឬ​រំលោភច្បាប់​។​

​នៅលើ​ទីវាល​ដ៏​ធំ​ល្វឹងល្វើយ​ក្រោយពី​ការ​ឈូសឆាយ គេ​សង្កេតឃើញ​មាន​ស្នាម​កង់​គ្រឿងចក្រ​ឈូស​ដីព្រៃ ការប្រមូល​ឈើ​ដែល​កាប់​ផ្តួលរំលំ​ដុតបំផ្លាញ​ចោល មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​នោះ​។

​លោក រ​ម៉ា​ម ខេ​ត មេឃុំ​បរខាំ ស្រក​អូរ​យ៉ា​ដាវ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ នេះ​ថា លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​លក់​ដី​នោះ ដោយសារតែ​មេភូមិ និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​គាំទ្រ​ក្នុង​រឿងនេះ​។

​ទាក់ទិន​ទៅនឹង​ដី​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ត្រូវបាន​គេ​ឃុបឃិត​គ្នា​កាប់​ទន្ត្រា​ន និង​ឈូសឆាយ​លក់ ទិញ យ៉ាង​គគ្រឹកគគ្រេង​នេះដែរ​លោក ល័​ក្ខ ដែល​អះអាងថា​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះបាន​បញ្ជាក់ថា ដី​ដែល​លោក​បាន​ទិញ​នេះ​មាន​ចំនួន​តែ ៤៥​ហិកតា​ប៉ុណ្ណោះ​។ លោក ល័​ក្ខ បន្តទៀតថា​ដី​ខាងលើនេះ​ខាង​អាជ្ញាធរ​បញ្ជាក់ថា​មិនមាន​ការពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ ឬ​មានទំនាស់​នោះទេ​។​

​ជាការ​កត់សំគាល់ឃើញ​ថា​ខេត្តរតនគិរី​បច្ចុប្បន្ន​ដំណាំ​កសិឧស្សាហកម្ម​មួយចំនួន​កំពុងមាន​ការរីកចំរើន​ប៉ុន្តែ​ដំណាំ​ភាគច្រើន​ដ៏​លើសលុប ត្រូវគេ​ឃើញថា​បាន​ដាំ​នៅលើ​ដី ដែល​គេ​កាប់ឆ្ការ​វាត​ចេញពី​ដីព្រៃ​របស់​រដ្ឋ ហើយ​បន្ទាប់មក​គេ​ធ្វើ​ការលក់ ទិញ ដែល​ឯកសារ​មួយចំនួន​ត្រូវគេ​ដឹងថា បាន​លួច​បន្លំ​ស្នាម​មេដៃ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ឫ​ថា អ្នកភូមិ​បាន​លក់​អោយ​ជាដើម​។​ល​។​

​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​រង់ចាំ​មើលថា​តើ​ដី​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ខាងលើនេះ​នឹងមាន​ការអនុវត្ត​ច្បាប់​ដូចម្តេច​ចំពោះ​រឿងរ៉ាវ​ទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បែបនេះ ហើយ តើ​ជើង​ខ្លាំង​ណាខ្លះ​ដែល​ញុះញង់​ឲ្យ​មានការ​ឈូសឆាយដី​ដែលជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ​នាំគ្នា​លក់ដូរ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ខ​ណះ​រាជរដ្ឋាភិបាល​កំពុង​ជាប់ដៃ​រឿង​បទល្មើស​ព្រៃឈើ និង​បញ្ហា​គ្រឿងញៀន​៕

1687211536987317--fdsjpg179852