ដោយ៖សហការី
ត្បូងឃ្មុំ ៖ នេះជាលើកទី២ហើយដែលសមត្ថកិច្ចចំរុះចុះត្រួតពិនិត្យទីតាំងសង្ស័យស្តុកឈើរបស់ឧកញ៉ា វ័ន្ត ប៊ុនថៃ ស្រុកអូរាំងឪ បានផ្អាកការឆែកឆេរនិងលើកពេលទៅថ្ងៃក្រោយដោយគ្មានវាស់វែងរាប់ចំនួនបញ្ចូលក្នុងកំណត់ហេតុនៃការត្រួតពិនិត្យ នោះឡើយ។
រោងសន្និធិរបស់លោក ឧកញ៉ា វ័ន្ត ប៊ុនថៃ មួយកន្លែងស្ថិតនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានកំលាំងសមត្ថកិច្ច ចំរុះដឹកនាំដោយលោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ តែមិនទាន់បានធ្វើការវាស់វែងជាផ្លូវការនៅឡើយ។
លោក ហៀង សុភ័ក្ត្រ បានអោយដឹងថា ពេលបើកសោរ រោងសន្និធិរបស់លោកឧកញ៉ា វ័ន ប៊ុនថៃ ដែលស្ថិតនៅចំណុចខាងលើនេះ បានពិនិត្យឃើញថា ក្នុងរោងមានស្តុកឈើមួយចំនួនតែលោកបានសំរេចឲ្យផ្អាកការត្រួតពិនិត្យ ពុំមានការវាស់វែងឈើទាំងនេះទេ ដោយទុកពេលពិភាក្សាខាងបច្ចេកទេសគណៈកម្មការថ្នាក់ខេត្តសិន។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកបានដាក់កំលាំងចំរុះយាមការពាររោងសន្និធិ ដើម្បីកុំអោយមានការចល័តឈើចេញ និងរក្សាភាពដើម ដើម្បីទុកចាត់ការតាមនីតិវិធី។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកបានប្រគល់សោរឃាំ្លងរោងសន្និធិ ជូនលោក សួស ដាវី នាយផ្នែករដ្ឋបាលព្រៃឈើ ត្រើយឆ្វេងដើម្បីរក្សាទុក ហើយបិទរោងសន្និធិខាងលើនេះជាបណ្តោះអាសន្ន រហូតមានសេចក្តីសំរេចជាថ្មី។
ការរកឃើញឈើខាងហើយ បែរផ្អាកមិនធ្វើការវាស់វែងភ្លាមៗដើម្បីបញ្ជាក់ពីបរិមាណ បែបនេះត្រូវបានមហាជនមានការងឿយឆ្ងល់ថា ហេតុអ្វីមិនចំណាត់ការវាស់វែងភ្លាមៗ រកមើលឈើស្របច្បាប់ និងឈើមិនស្របច្បាប់មានប៉ុន្មានទៅ ហេតុអីក៏ចាំបាច់ពន្យារពេល? ឬទុកអោយម្ចាស់ឈើដ៏មានឥទិ្ធពលជម្លៀសឈើចេញ ។ប្រតិបត្តិការដែលនាំឲ្យមានភាពស្រពេចស្រពិលបែបនេះ នាំឲ្យមានការចោទថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចទើបនាំគ្នាផ្អាកដើម្បីទុកពេលរត់ការធ្វើឲ្យក្លាយជាឈើស្របច្បាប់ទាំងអស់។
គួររំឭកថា កន្លងមកថ្មីៗនេះ ឃាំ្លងស្តុកឈើរបស់លោក ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅខាងកើតឃ្លាំងនេះ ប្រហែល២០០ម៉ែត្រ ក៏ត្រូវបានពន្យារពេលត្រួតពិនិត្យដូចគ្នានេះដែរ ហើយក្រុមអ្នកកាសែតត្រូវបានហាមឃាត់មិនឲ្យក្នុងទីតាំងនោះទេ ។ក្រោយមកមេការរបស់លោកឧកញ៉ា វ័ន ប៊ុនថៃ ឈ្មោះ ធី បានប្រើល្បិចកប់ឈើក្នុងដី ហើយពេលស្ងាត់ក៏យកអេស្តាកាយឈើ រួចដឹកយកទៅលាក់ទុកនៅម្តុំដេប៉ូនៅស្រុកកោះសូទិន។
មន្ត្រីអាជ្ញាធរមូលដ្ឋានដែលធ្លាប់ដឹងល្បិចបែបនេះ បានអំពាវនាវដល់លលោក ឆេង គឺមសុន មេត្តាត្រួតពិនិត្យកូនចៅផង ព្រោះគេអាចនឹងធ្វើរបាយការណ៍ភូតបោកប្រាស់ថ្នាក់លើ ៕