លោក សុខ ទូ​ច ៖ វៀតណាម​ប្រើល្បិច​ព្រោះ​គេ​ចង់យក​ដី​អាក្រក់​ដូរ​យក​ដី​ល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2016 ក+ ក-

 

ដោយ៖រដ្ឋា

​ភ្នំ​ពេ​ញ៖ លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ បង្ហាញថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ​និង​ការត្រួតពិនិត្យ​ជាក់ស្ដែង​គឺ​ទាំងកម្ពុជា ​និង​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ថ្មីៗ​នេះ​ការរកឃើញ​របស់ លោក សុខ ទូច នៅពេល​ចុះទៅ​ខេត្ត​ត្បូងឃ្មុំ វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ចំនួន​១៦​ហិកតា ដែល​គ្របដណ្ដប់​ដោយ​ការដាំ​កៅស៊ូ និង អំពៅ រួចជាស្រេច​ហើយ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្តីពី​លទ្ធផល​មួយចំនួន​នៃ​ការចុះ​ស្រាវ ជ្រាវ​តាម​ព្រំដែន លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​មានប្រសាសន៍ថា​លោក​បាន​ចំណាយពេល​ជាង​៧​ខែ​ដើម្បី​ចុះ​ពិនិត្យ មើល​បង្គោល​ព្រំដែន​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​៥០០​គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ត្បូងឃ្មុំ កណ្តាល ស្វាយរៀង​និង​កំពត​។ លោក​បន្តថា​វៀតណាម​និង​កម្ពុជា​បាន​បោះបង្គោល​ចូល​ដី​គ្នា​ទៅវិញទៅមក តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ថា​ចូល​ខាង​ប្រទេស​ណា​ច្រើនជាង​។​

​ពាក់ព័ន្ធ​រឿងនេះ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ដែល​ឃ្លាំមើល​បទ​បង្ហាញ​របស់លោក សុខ ទូច ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​៤ កុម្ភៈ ហាក់​មាន​ភាព​អល់អែក​ក្នុងការ​អត្ថាធិប្បាយ​ចំពោះ​ការរកឃើញ​របស់​ក្រុម ស្រាវជ្រាវ​នេះ​។ បើទោះជា​យ៉ាងណា លោក រស់ រ៉ាវុធ យល់ឃើញថា ថ្វីបើ​នៅពេលនេះ គេ​ពិបាក​សន្និដ្ឋានថា ការរកឃើញ​របស់​ក្រុម​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​ខុស ឬ​ត្រូវ វា​ក៏​ជា​មធ្យោបាយ​ល្អ​ដែរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ លោក​បន្តថា «​ការ ស្រាវជ្រាវ​នេះ​យើង​សង្កេតឃើញថា​មិនមែន​គេ​ហៅថា​ចេះ​ចាត់ចែង និង​បោះបង្គោល ឬ​យ៉ាងណាទេ គឺ​ស្រាវជ្រាវ​គ្រាន់តែ​ឲ្យ​ឃើញ ដើម្បី​សម្គាល់ថា​បង្គោល​នេះ​នៅ​ខាង​ណា បង្គោល​មាន​លក្ខណៈ​យ៉ាងម៉េច ហើយ​ស្ថិតនៅ​ទីតាំង​ណា​»​។​

​សូមបញ្ជាក់ថា ដី​ទំហំ​១៦​ហិកតា​ដែល​វៀតណាម​បំពាន​បោះបង្គោល​ព្រំដែន​ចូល​នេះ កន្លងមក​ពលរដ្ឋ​ខ្មែរ​បាន​ចូលទៅ​ដំណាំ​ហើយ​ត្រូវបាន​វៀតណាម​បាញ់ថ្នាំ បំពុល​។ ទង្វើ​នេះ​លោក សុខ ទូច ចាត់ទុកថា ជា​ល្បិច​របស់​វៀតណាម​ដើម្បី​ដោះដូរ​បាន​ដីក្រហម​ដែលជា​ដី​មាន​ជីវជាតិ សម្រាប់​ដាំ​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ ហើយ​ប្រគល់​ដី​១៦​ហិកតា​ដែលជា​ដី​គ្មាន​ជីវជាតិ​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​។​

​គួររំឭកថា លោក វ៉ា គឹមហុង ធ្លាប់​ឲ្យ​ដឹងថា កម្ពុជា​និង​វៀតណាម​បាន​បង្កើត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចុះ​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ​២០១១ ស្តីពី​ការកែសម្រួល​ខ្សែ​ព្រំដែន​គោក​នៅ​តំបន់​ដែល​នៅ​សេសសល់​មួយចំនួន ដោយ​យល់ព្រម​រក្សា​ការកាន់កាប់ គ្រប់គ្រង​ដីធ្លី ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បង្កបង្កើនផល​ជា​យូរ​ឆ្នាំ​មកហើយ​នោះ ទុក​ជូន​គាត់​ឲ្យ​នៅ​ដដែល​។​

​លោក សុខ ទូច ឲ្យ​ដឹងថា​ក្រុមការងារ​ស្រាវជ្រាវ​របស់លោក​ធ្វើការ​ងារ​ដោយ​ឯករាជ្យ​និ ង​ពិតប្រាកដ មិន​ស្ថិតនៅក្រោម​រដ្ឋាភិបាល​នោះទេ​។ លោក​បន្តថា​លោក​នឹង​ចងក្រង​ការរកឃើញ​នេះ ដាក់ជូន​រដ្ឋាភិបាល តែ​លោ​កថា​ការទទួលយក​ការស្រាវជ្រាវ​នេះ​ឬ​យ៉ាងណា អាស្រ័យ​លើ​រដ្ឋាភិបាល​។​

​តាម​គម្រោង​ដំណើរការ​ត្រួតពិនិត្យ​ការបោះបង្គោល​ព្រំដែន​នឹងត្រូវ បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​។ ក្រោយពី​បញ្ចប់​កិច្ចការនេះ ក្រុម​ស្រាវជ្រាវ​ព្រំដែន នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នឹង​បោះពុម្ពផ្សាយ​សៀវភៅ​ដើម្បី​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​៕
55874

 

 

 

 

 

 

លោក សុខ ទូច (រូប​កណ្ដាល​ជួរ​មុខ​) ថ្លែង​​ក្នុង​សន្និសីទ​កាសែតនៅ​រាជបណ្ឌិត្យ​            

សភា​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។រូបថត៖RFA