រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការចាប់ខ្លួនលោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី មិនមែនដោយសារអក្សរចំនួន៤ទំព័ររបស់កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ នោះទេ ហើយការចាប់ខ្លួននោះក៏មិនដូចខ្មែរក្រហមនោះឡើយ។ ប៉ុន្តែយោងតាមចម្លើយរបស់លោកមេឃុំនោះតែម្តង។ លោកអះអាងទៀតថា ប្រមាណ៣៦ម៉ោងនេះ លោកមិនបានសម្រាកនៅឡើយទេ តែលោកមេឃុំបានសម្រាក បាយភ្លៅមាន់ និងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
លោក ឱម យ៉ិនទៀង បានឲ្យដឹងទៀតថា ACU បានកោះអញ្ជើញមនុស្ស៨នាក់ផ្សេងទៀត ដើម្បីស្តាប់បំភ្លឺជុំវិញករណីកញ្ញា ស្រីមុំ ក្នុងករណីទទួលសំណូក៥០០ដុល្លារ ។ ប៉ុន្តែម្តាយរបស់ស្រីមុំមិនបានទទួលលុយពីលោកមេឃុំនោះឡើយ ។ ដូច្នេះមានន័យថា ម្តាយស្រីមុំមិនមានទោសនោះទេ។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រតិកម្មចំពោះការចោទប្រកាន់របស់គណបក្សប្រឆាំងដែលចោទថា ការចាប់ខ្លួនមេឃុំ ស៊ាន ចែត ធ្វើដូចរបបខ្មែរក្រហម ប៉ុន្តែលោកថា នោះជាការលាបពណ៌ ដើម្បីបង្ខូចកិត្តិយសអង្គភាពរបស់លោកតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ACU មិនបានចាប់ខ្លួនលោកមេឃុំរូបនោះទេ តែបានអញ្ជើញគាត់ទៅជួបគ្នានៅសាលាស្រុក ហើយបានសាកសួរទាក់ទងការផ្តល់លុយឲ្យគ្រួសារកញ្ញា ស្រីមុំ ហើយលោកក៏បានសារភាព។
លោក ឱម យ៉ិនទៀង បានលើកឡើងថា មានមនុស្ស៨នាក់ទៀតនិងត្រូវកោះហៅមកសាកសួរទាក់ទងករណីខាងលើនេះ ហើយលោកដឹងថា ក្នុងចំណោមអ្នកទាំង៨នាក់នោះមានម្នាក់បាននឹងកំពុងរត់គេចខ្លួនទៅព្រំដែនថៃ តែលោកបានសំណូមពរឲ្យអាជ្ញាធររារាំងមិនឲ្យគាត់ចាកចេញទៅប្រទេស៕