ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ស្នើ​បង្កើត​ក្រសួង​ថ្មី​សម្រាប់​លោកស្រី អ៊ុង សាន​ស៊ូ​ជី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 May, 2016 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​តាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​ថា ប្រធានាធិបតី​ថ្មី​ភូមា​បាន​ជំរុញ​ឲ្យ​បង្កើត​ក្រសួង​ថ្មី​មួយ​សម្រាប់​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី​។
​លោកស្រី ស៊ូ​ជី បាន​កាន់កាប់​តំណែង​ជាន់ខ្ពស់​ផ្សេងទៀត​ក្នុងនោះ​មាន​តំណែង​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ទទួលបន្ទុក​ខុទ្ទកាល័យ​ប្រធានាធិបតី និង​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ជា​តួនាទី​ទើបតែ​បង្កើតឡើង​យ៉ាង​ពិសេស ដែល​ផ្ដល់​អំណាច​ដល់​លោកស្រី​សម្រាប់​ដឹកនាំ​កិច្ចការ​សភា​។ ក្រោយពី​បាន​ចូលកាន់​តំណែង​បាន​មួយរយៈ លោកស្រី ស៊ូ​ជី បាន​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ ដើម្បី​ប្រកាស​ដោះលែង​អ្នកទោសនយោបាយ​ជាច្រើន​កាលពី​ខែមេសា​កន្លងមកនេះ​។​
​លោកស្រី ស៊ូ​ជី ក៏បាន​ជួប​ជាមួយ​ជនបរទេស​សំខាន់ៗ​ផងដែរ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​លោកស្រី​បាន​អមដំណើរ​លោក ទិន ចាវ ទៅកាន់​ប្រទេស​ឡាវ​ដែលជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើកទីមួយ​ក្នុងនាម​ជា​ប្រធានាធិបតី​ថ្មី​។​
​សារព័ត៌មាន​រដ្ឋ Global New Light of Myanmar បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សំណើ​បង្កើត​ក្រសួង​ថ្មី​សម្រាប់​គាំទ្រ​តួនាទី​របស់លោក​ស្រី​នោះ​មានបំណង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ផ្សះផ្សារ​ជាតិ សន្តិភាព​ផ្ទៃក្នុង អភិវឌ្ឍន៍​ជាតិ និង​នីតិរដ្ឋ​។ ទោះជា​យ៉ាងណា​សំណើ​នេះ​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅក្នុង​សភា​នៅ​សប្ដាហ៍​ក្រោយ​៕

20160506-vod-oudom-inter-news-Myanmar-president-proposes-new-ministry-for-Suu-Kyi