រាជធានីភ្នំពេញ៖លោក William A. Heidt អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា សហរដ្ឋអាមេរិក ពុំមានការពាក់ព័ន្ធទៅនឹងគម្រោងធ្វើបដិវត្តន៍ពណ៌ នៅក្នុងប្រទេសកម្ពុជានោះទេ។ នេះបើតាមការថ្លែងពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់ជំនួបរវាង លោក William A. Heidt អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅទីស្តីការក្រសួងការបរទេស នៅព្រឹកមិញនេះ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោកអគ្គរដ្ឋទូតអាមេរិក បានអះអាងនៅចំពោះមុខលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថាសហរដ្ឋអាមេរិកបានយល់យ៉ាងច្បាស់ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។
គួរបញ្ជាក់ថា នាថ្មីៗនេះ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីទស្សនៈមួយ ដែលបានលើកឡើងថា យុទ្ធនាការស្លៀកពាក់ដែលបង្កើតឡើង ដោយក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន ដើម្បីឱ្យដោះលែង មន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប នោះ បានធ្វើឡើងបន្ទាប់ពីពួកគេ បានជួបជាមួយអគ្គរដ្ឋទូតអាមេរិក។ ទស្សនៈមួយចំនួនបានយល់ថា គម្រោងធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ កាលពីថ្ងៃចន្ទនោះ ទំនងជាមានការជំរុញដោយស្ថានទូតអាមេរិក៕