អេហ្ស៊ីប៖អាជ្ញាធរអេហ្ស៊ីបនិយាយាថា ការបាត់ខ្លួននៃយន្តហោះ MS804 កាលពីថ្ងៃម្សិលមិញ អាចជាសកម្មភាព នៃអំពើភេវរកម្មច្រើនជាងបញ្ហាបច្ចេកទេស ។ នេះបើយោងតាមសារព័ត៌មានBBC។
ការអះអាងបែបនេះធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្ត្រីការពារជាតិក្រិក បានបង្ហាញឲ្យឃើញថា ប្រព័ន្ធតាមដាននៃយន្តហោះ Airbus A320 មួយនេះបានបញ្ជាក់ថា យន្តហោះនោះបានបត់ចុះឡើង២ដង ហើយបានធ្លាក់ចុះពីកំពស់ ២៥០០០ហ្វីត មុនពេលដែលវានឹង ធ្លាក់ចូលទៅក្នុងសមុទ្រ។
ដោយឡែកសារព័ត៌មាន AFP ផ្សាយថា កាលពីម្សិលមិញក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្ទេចយន្តហោះ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ Karpathos កន្លែងដែលសង្ស័យយន្តហោះដឹកអ្នកដំណើរ EgyptAir បានធ្លាក់នោះ។ ប៉ុន្តែក្រុមហ៊ុន EgyptAir និងក្រសួងការបរទេសអេហ្ស៊ីបបានច្រានចោលព័ត៌មាននេះដោយអះអាងថា រហូតមកដល់ពេលនេះ ការវិភាគនៃកម្ទេចដែលរកឃើញនៅក្បែរនោះ Karpathos ត្រូវបានបញ្ជាក់ថា មិនមែនជាបំណែកយន្តហោះនោះទេ ។
ទោះជាបែបនេះក្តីការស្រាវជ្រាវ និងប្រតិបត្តការតាមរក នៃភាគីចូលរួមដូចជា អេហ្ស៊ីប ក្រិក បារាំង និងក្រុមទាហានអង់គ្លេស កំពុងប្រព្រឹត្តទៅឡើយ នៅក្បែរទៅនឹងកោះ Karpathos របស់ប្រទេសក្រិកផងដែរ។
គួរបញ្ជាក់ថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថថា បានធ្លាក់នៅក្នុងសមុទ្រ៕