Terry បន្ត​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ Chelsea ទោះ​ប្រាក់​ឈ្នួល​ធ្លាក់ចុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

បាល់ទាត់​៖​កីឡាករ​ខ្សែការពារ John Terry ប្រធាន​ក្រុម Chelsea បានសម្រេច​បន្ត​កុងត្រា​១​ឆ្នាំ​ទៀត នៅ​កីឡដ្ឋាន Stamford Bridge បើ​ទោះ​ក្លឹប​កាត់​ប្រាក់​ឈ្នួល​តិចជាង​មុន​ដល់​ទៅ​៣​ដង​ក៏ដោយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Sun​។​
​ប្រភព​ដដែល​បន្តថា ក្នុង​កុងត្រា​ចាស់​របស់​កីឡាករ​រូបនេះ​ទទួលបាន​ប្រាក់​ឈ្នួល​១៥០០០០​ផោន​ក្នុង​១​សប្ដាហ៍​។ ប៉ុន្តែ​សម្រាប់​កុងត្រា​ថ្មី​១​ទៀត ដែល​នឹង​លេង​ក្រោម​ការដឹកនាំ ដោយ​អ្នកចាត់ការ​ថ្មី Antonio Conte ខ្សែការពារ​រូបនេះ ទទួលបាន​ប្រាក់​ឈ្នួល​ត្រឹមតែ ៥០០០០​ផោន​ក្នុង​១​សប្ដាហ៍​ប៉ុណ្ណោះ​។ កន្លងមក​ធ្លាប់មាន​ពាក្យ​ចចាមអារ៉ាម​ថា កីឡាករ​វ័យ​៣៥​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូបនេះ​អាច​នឹង​ចេញពី​តោ​ខៀវ ទៅលេង​លី​គ​ចិន ឬ​អាមេរិក​។
​គួរ​បញ្ជាក់ថា រយៈពេល​១៨​ឆ្នាំ ដែល​កីឡាករ​រូបនេះ​លេង​ឲ្យ Chelsea បាន​៧០៣​ប្រកួត ដោយ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជាច្រើន​ជាមួយ Chelsea ដូចជា​ពាន Premier League ៤​ដង​, FA Cups ៥​ដង​, League Cups ៣​ដង​, UEFA Champions League ១​ដង និង UEFA Europa League ១​ដង​ផងដែរ​៕

2127