CPP ថា​ខ្លួន​មិន​គេចវេស​ពី​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2016 ក+ ក-

លោក ខេមរិន្ទ

ភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពេល​ថ្មីៗ​នេះ​ថា មិនបាន​គេចវេស​នៅក្នុង​ការជួបពិភាក្សាគ្នា​នោះទេ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ ដែល​ត្រូវ​រក​មេដឹកនាំ​មកជួប​ពិភាក្សាគ្នា ក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា ព្រោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្នកំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស និង​កំពុង​ជាប់​សំណុំរឿង​នៅ​តុលាការ​។

​ទោះជា​យ៉ាងណា មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​បានកំណត់​កាលបរិច្ឆេទ​ដើម្បី​ជួបពិភាក្សា​គ្នា​នៅក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​នៅឡើយ​ទេ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍ អាស៊ី អាគ្នេយ៍​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិនទាន់​ព័ត៌មាន ឬក៏​ដំណឹង​អ្វី​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​នៅតែ​ស្វាគមន៍ ចំពោះ​ការជួបពិភាក្សាគ្នា​នៅក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​ដដែល​។

ចំណែក​លោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់ ថា គណបក្ស​សង្គ្រោះ​ជាតិ មានបំណង​ជួបពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​នាពេល​បច្ចុបន្ននេះ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយតប​ថា កំពុង​ជាប់រវល់​បំពេញ​កិច្ចការងារ​ផ្សេង​នៅឡើយ ដូច្នេះ​ទើប​មិនទាន់បាន​ជួបគ្នា​។​

ប៉ុន្ដែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា កាលពីមុន​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែលជា​ប្រធាន និង​អនុ ពិភាក្សា​ជាមួយ​ក្រុម​តំណាង រាស្ដ្រ សំលេង​ភាគច្រើន ប៉ុន្ដែ​នាពេល​បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស រីឯ​លោក កឹម សុខា កំពុង​ជាប់​រឿងក្ដី​នៅ​តុលាការ ដូច្នេះ​ថា​តើ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​មកជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​? ហើយ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​គេចវេស​ឬ​មិន​ព្រម​ជួបចរចា​គ្នា​ដូច​ការលើកឡើង​របស់​មន្ដ្រី គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។

លោក សុខ ឥសាន បានបញ្ជាក់​បន្ថែមថា​ដើម្បី​អាច​ជួប​ពិភាក្សាគ្នា​បាន​គណ បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រក​មេដឹកនាំ​មកជួប​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ,​ត្រូវមាន​ប្រធានបទ​ច្បាស់លាស់​,​និង​ត្រូវ​ទំនាក់ទំនង​ប្រភព​ណា ដែល​អាច​ឲ្យ​គណបក្ស ទាំង ពីរ​អាច​ជួបគ្នា​បាន​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល បាន​គូសបញ្ជាក់ ថា ការជួបពិភាក្សា​នៅក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​នឹងមិន​មានការ​លើកយក​ពី​បញ្ហា​ដែល​ទាក់ទង​នឹង​តុលាការ​ឡើយ ព្រោះថា​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ មិនអាច​ឲ្យ​អ្នកណា​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះទេ ៕