ក្រុមហ៊ុន​សំណង់​មិន​ទទួលខុសត្រូវ​លើ​ការបាក់​ស្រុត​ផ្លូវ​នៅក្បែរ​ស្តា​ត​អូឡាំពិក​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​ភ្នំពេញ​៖​ការស្នើសុំ​សំណង​ថ្លៃ​ការខូចខាត​រថយន្ត​បី​គ្រឿង​ដែល​បណ្តាលមកពី​បាក់​ស្រុតដី​ផ្លូវ​ជាប់​របង​ការដ្ឋាន​ក្រុមហ៊ុន​សាងសង់​អគារ​ក្បែរ​របង​ស្តា​ត​អូ​ឡាំ​ពិត ត្រូវបាន តំណាង​ក្រុមហ៊ុន​បាន​អះអាងថា​ផ្លូវ​បាក់ស្រុត​នៅជាប់​របង​ស្តា​ត​អូឡាំពិក មិនមែន​បណ្តាលមកពី​ការដ្ឋាន​ជីកដី​របស់​ក្រុមហ៊ុន​នៅក្បែរ​នោះទេ​។​
​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃ​ពុធ ទី ៨ ខែមិថុនា ភ្លៀង​មួយ​មេ​ធំ​រយៈពេល​ជិត​២​ម៉ោង​បាន​បណ្តាល​ឲ្យ​ទឹក​ជន់​នៅ​កន្លែង​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ ពេល​ភ្លៀង​នោះ មាន​ហេតុការណ៍​បាក់​ស្រុតដី​នៅជាប់​របង​ស្តា​ត​អូឡាំពិក​នៅលើ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បណ្តាល​ឲ្យ​រថយន្ត​បី​គ្រឿង​រង​ការខូចខាត​។​
​បណ្តាញ​ព័ត៌មាន វី​អូ​ឌី បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​ថា អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ប្រាប់ មូលហេតុ​នៃ​ការបាក់​ស្រុក​ដី​នេះ​មិនមែន​ដោយសារ​ការជីក​ដី​សាងសង់​សំណង់​នោះទេ​។ លោក​សន្និដ្ឋានថា​ការបាក់​ស្រុត​នោះ ដោយសារ​មានទឹក​ហូរ​ច្រោះ​លូ​។ លោក​មានប្រសាសន៍ថា​៖ ”​ទីមួយ​ការជីក ការ​អី​នឹង​យើង​សុទ្ធ​តែមាន​បច្ចេកទេស​ក្នុង​ការជីក​ដោយ​ត្រឹមត្រូវ ហើយ​បើសិន​មានការ​បាក់​មែន វា​គួរតែ​បាក់​ដែក​ខាង​ខ្ញុំ​មុន មុននឹង​បាក់​ផ្លូវ​ហ្នឹង ហើយ​ខ្ញុំ​ចង់​ឲ្យ​ខាង​ជំនាញ​នឹង​គាត់​ចុះទៅ​មើល ឲ្យ​បាន​ដិតដល់ ថា​តើ​វា​មាន​មូលហេតុ​មកពី​ស្អី មុននឹង​យើង​រុញ​ការ​ទទួលខុស​ទៅ​ឲ្យ​ផ្នែក​ណាមួយ​”​។​
​តំណាង​ក្រុមហ៊ុន​បានស្នើ​ឲ្យ​មាន​ការចុះ​សិក្សា​ជាមុនសិន មុននឹង​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ទៅ​ម្ចាស់​រថយន្ត​បី​គ្រឿង​ដែល​រង​ការខូចខាត​ដោយសារ​បាក់​ស្រុក​ដី​។​
​ម្ចាស់​រថយន្ត​ប្រាប់​វី​អូ​ឌី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​លោក​បាន​ចត​រថយន្ត​លក់​និង​រថយន្ត​ជិះ​ផ្ទាល់ខ្លួន​ផង​នៅជាប់​របង​ស្តា​ត​អូឡាំពិក​។ លោក​បាន​ស្នើសុំ​សំណង​មួយចំនួន​ពី​ក្រុមហ៊ុន ដើម្បី​ជុស​ជួល​ការខូចខាត​រថយន្ត​។​
​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​លោក មាន ចាន់​យ៉ា​ដា ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​សាលា​រាជធានី​បាន​បញ្ជូន​ក្រុម​ងារ​ចុះទៅ​ធ្វើការ​សិក្សា​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​ការបាក់​ស្រុត​ផ្លូវ​ហ្នឹងហើយ ប៉ុន្តែ​លោក​ថា​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បាក់​ស្រុក​ដី​ខាង​ក្រុមការងារ​មិនទាន់បាន​ផ្ដល់ព័ត៌មាន​ឲ្យ​សាលា​រាជធានី​នៅឡើយ​។​
​វី​អូ​ឌី​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​ពី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល ។​
​បើតាម​ការចុះ​ពិនិត្យមើល នៅជាប់​កន្លែង​បាក់​ដី​ស្រុត​នោះ មានការ​ជីករណ្តៅ​ជ្រៅ​មួយ​របស់​ការដ្ឋាន​ក្រុមហ៊ុន​។ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្បែរ​ស្តា​ត​អូឡាំពិក​ប្រាប់​វី​អូ​ឌី​ដោយ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​មានការ​ព្រួយបារម្ភ​ក្រោយពី​មានការ​បាក់ស្រុត​ផ្លូវ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ចំពោះ​ការសាងសង់​ការដ្ឋាន​នៅជាប់​នោះ​៕

a1