ដោយ ដារា
ខេត្តត្បូងឃ្មុំ៖រថយន្តយោធាចំនួន៣គ្រឿង ដែលគេដឹងថាជាកម្មសិទ្ធិរបស់អង្គភាពកងពលដឹកជញ្ជូនលេខ៩៩ និងមួយគ្រឿងទៀត ជារថយន្តសារ៉ែន ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះខេត្តត្បូងឃ្មុំ ចាប់ឃាត់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លមកនេះ ពេលកំពុងដឹកជញ្ជូនឈើក្រញូង និងឈើប្រណីតជាច្រើនកំណាត់នៅចំណុចហួសទួលអំពុក ក្នុងឃុំជីពាំង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៍មានពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ឲ្យដឹងថា មុនឈានទៅឃាត់រថយន្តនេះ ដំបូងគេឃើញមន្ត្រីសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ២នាក់ជិះរថយន្ត១គ្រឿង និងមន្ត្រីមេព្រៃខេត្តត្បូងឃ្មុំ២នាក់ជិះរថយន្ត១គ្រឿងដែរ បានឃាត់រថយន្តយោធាដឹកឈើខាងលើ និងបានឈរនិយាយគ្នាជាមួយនិងអ្នកបើកបររថយន្តយោធានោះ រយះពេលមួយសន្ទុះធំ ប៉ុន្តែទំនងជាការចរចាមិនត្រូវគ្នាទើបអូសបន្លាយពេលជជែកយូរ ។បន្ទាប់មក គេឃើញក្រុមអ្នកអ្នកកាសែតទៅដល់ ហើយបានថតយករូបភាពនៅកន្លែងកើតហេតុ និងបានប្រកូកប្រកាសហៅសមត្ថកិច្ចដទៃទៀត មកកាន់ទីនោះភ្លាមៗហើយចាប់ឃាត់រថយន្តនោះតែម្តង។
រថយន្តទាំង៣គ្រឿងនេះ ត្រូវបានរកឃើញថា បានដឹកឈើប្រណីតជាច្រើនម៉ែត្រគូប ជាប្រភេទឈើក្រញូង និងឈើប្រណីតកូនក្រឡឹងជាច្រើនទៀត ដែលឈើប្រភេទនេះសម្រាប់ជាកម្មវត្ថុយ៉ាងក្តៅគគុកក្នុងការនាំចេញទៅលក់នៅប្រទេសវៀតណាម។
គួរំលឹកដែរថា បើទោះពីជាមានការ ទប់ស្កាត់ និងបង្ក្រាបទ្រង់ទ្រាយធំ លើសកម្មភាពដឹកជញ្ជូន និងនាំចេញឈើប្រណីតក៏ដោយ តែការបទល្មើសដឹកជញ្ជូនជួញដូរឈើនៅក្នុងខេត្តត្បូងឃ្មុំនៅតែបន្តកើតមានយ៉ាងអនាធបតេយ្យនៅឡើយ។ដោយឡែក បទល្មើសខាងលើនេះ ធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញថា រថយន្តកងទ័ព និងរថយន្តស៊ឺរ៉ែន បែរជាដឹកឈើប្រណីតខុសច្បាប់ទៅវិញ។
សមត្ថកិច្ច មិនទាន់បញ្ជាក់ពីវិធានបែបណាចំពោះបទល្មើសខាងលើនេះនៅឡើយទេ ព្រោះជាប់ពាក់ព័ន្ធនឹងយោធា៕