ខេត្តបាត់ដំបង៖កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ លើភូមិសាស្ត្រច្រកទ្វាអន្តរជាតិបានឡែម ស្រុកកំរៀងនិងច្រកតំបន់ភ្នំដីគីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន១៤៩នាក់ដែលនៅធ្វើការងាររ៉ាយប៉ាយដោយខុសច្បាប់នៅក្នុងទឹកដីថៃ។
លោកអនុសេនីយ៍ឯក សៀក សានិត មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកំរៀងបានអោយដឹងនៅថ្ងៃទី២២ ខែមិថុនានេះថា: នៅរសៀលម៉ោង៣:៤០រសៀល ថ្ងៃទី១៩ ខែមិថុនាកន្លងមកនេះសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន១៤៩នាក់ក្នុងនោះបានបញ្ជូនកាត់តាមច្រកអន្តរជាតិបានឡែមចំនួន១៣៥នាក់និងតាមច្រកគីឡូ១៣ ចំនួន១៤នាក់មកកាន់ស្រុកកំណើតវិញបន្ទាប់អប់រំនិងធ្វើកិច្ចសន្យាបញ្ឍប់។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកំរៀងបានអោយដឹងបន្តរថា: ពលករខ្មែរដែលសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនត្រឡប់មកស្រុកវិញនេះភាគច្រើនជាពលករមកពីបណ្តាខេត្តព្រៃវែង ស្វាយរៀង តាកែវនិងបណ្តាខេត្តខាងកើតដទៃទៀត ពលករទាំងអស់នេះធ្វើចំណាកស្រុកឆ្លងដែនចូលទៅកាន់ប្រទេសថៃតាមច្រកក្នុងស្រុកម៉ាឡៃ អូរបីជាន់ជាដើម៕