តួកគី៖នៅពេលមានការអះអាងថា “ភស្តុតាងទាំងអស់” បានចង្អុលទៅកាន់បព្វជិតមូស្លីមមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា ជាមេខ្លោងនៃការធ្វើរដ្ឋប្រហារបរាជ័យកាលពីសប្តាហ៍មុននោះ រដ្ឋាភិបាលរបស់ប្រទេសតួកគីកាលពីថ្ងៃអង្គារបានបញ្ចប់ការងារមនុស្សរាប់ម៉ឺននាក់ដូចជាគ្រូបង្រៀន ព្រឹទ្ធបុរស មហា វិទ្យាល័យនិងអ្នកដទៃទៀតដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹងផែនការនេះហើយបានទាមទារឲ្យធ្វើបត្យាប័នបព្វជិតរូបនោះ។
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានលើកឡើងអំពីបញ្ហានេះនៅក្នុងការហៅទូរស័ព្ទមួយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ហើយអ្នកនាំពាក្យរបស់លោកបាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំសំណើបត្យាប័នជាផ្លូវការមួយសម្រាប់បព្វជិត Fethullah Gulen ។ ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនគួរតម្រូវឲ្យមានអង្គហេតុមុនពេលធ្វើបត្យាប័នគាត់នោះទេ។
ការបង្ក្រាបត្រូវបានបង្កើនរឹតតែខ្លាំងកាលពីថ្ងៃអង្គារខណៈរដ្ឋាភិបាលបានប្រកាសពីការបញ្ចប់ការងារគ្រូបង្រៀននិងបុគ្គលិកក្រសួងមហាផ្ទៃជិត២៤.០០០នាក់ហើយទាមទារឲ្យមានការលាលែងពីតំណែងរបស់ព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន១.៥៧៧នាក់ទៀតព្រមទាំងបុគ្គលិករដ្ឋាភិបាលរាប់រយនាក់ផងដែរ។
នៅក្នុងរបាយការណ៍ដ៏ក្តីគគុកមួយ ប្រព័ន្ធផ្សព្វផ្សាយទួរគីបានឲ្យដឹងថាក្រសួងអប់រំបានបញ្ចប់ការងារគ្រូបង្រៀនចំនួន១៥.២០០នាក់ខណៈដែលក្រសួងមហាផ្ទៃបានបណ្តេញបុគ្គលិកចំនួន៨.៧៧៧នាក់ចំណែកក្រុមប្រឹក្សាភិបាលឧត្តមសិក្សារបស់ប្រទេសទួរគីបានអំពាវនាវឲ្យព្រឹទ្ធបុរសលាលែងពីតំណែង។ លើសពីនេះទៀត បុគ្គលិកក្រសួងហិរញ្ញវត្ថុចំនួន១.៥០០នាក់ត្រូវបានបញ្ចប់ការងារខណៈមនុស្ស២៥៧នាក់ដែលធ្វើការនៅការិយាល័យនាយករដ្ឋមន្ត្រីត្រូវបានបណ្តេញចេញនិងបុគ្គលិកនៅនាយកដ្ឋានកិច្ចការសាសនាចំនួន៤៩២នាក់ត្រូវបានបញ្ចប់តំណែងដោយក្នុងនោះក៏រួមមានទាំងបព្វជិត គ្រូអធិប្បាយនិងគ្រូសាសនាផងដែរ។
ការបញ្ចប់ការងារកាលពីថ្ងៃអង្គារនេះបានធ្វើឡើងបន្ទាប់ពីមនុស្សប្រហែល៩.០០០នាក់ត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលដោយរួមមានកងសន្តិសុខ ចៅក្រម រដ្ឋអាជ្ញា បុគ្គលសាសនានិងអ្នកដទៃទៀត។ ជាមួយគ្នានោះផងដែរ លោក Erdogan បានឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាលើការយកទោសប្រហារជីវិតមកប្រើវិញដែលការអនុវត្តន៍នេះបានលុបបំបាត់ក្នុងឆ្នាំ២០០៤ជាផ្នែកមួយនៃគោលបំណងរបស់ប្រទេសតួកគីដើម្បីចូលរួមសហភាពអឺរ៉ុប៕