ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបានរិះគន់ថា ព្រៃលិចទឹករាប់សិបហិកតា នៅក្នុងតំបន់បី ចំណុចតាពូថៅ ស្ថិតនៅខាងជើងចារជ្រុំ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងត្រូវបានអ្នកមានអំណាចលួចនាំយកគ្រឿងចក្រទៅឈូសឆាយ ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ជារៀងរាល់ឆ្នាំគេតែងឃើញ ក្រុមឈ្មួញ និងក្រុមអ្នកមានអំណាចមួយចំនួនបាននាំលួចយកគ្រឿងចក្រ ទៅជីកកកាយ និងឈូសឆាយព្រៃលិចទឹកដើម្បីធ្វើជាកម្មសិទ្ធ ស្របពេលដែលរយៈពេលកន្លងមកខេត្តបាត់ដំបងជួបគ្រោះរាំងស្ងួត ហើយព្រៃមួយចំនួនធំត្រូវបានបំផ្លាញដោយភ្លើងឆេះផងនោះ ពេលនេះត្រូវបានក្រុមឈ្មួញនិងក្រុមអ្នកមានអំណោយឈ្លាតឱកាសឈូសឆាយ និងជីកកកាយបន្ថែមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើ ជម្រកសត្វព្រៃ និងមច្ឆាជាតិទាំងមូលទៀតផង។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោកជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានយើងកាលពីរសៀលម្សិលមិញថា៖លោកមិនបានដឹងទេ ហើយដីនៅចំណុចនោះនៅក្នុងផែនទីមានលក្ខណៈកាង៉ិកាង៉ក់ ចាំលោកចាត់អោយខាងផ្នែកសង្កាត់ចុះទៅមើល។
ចំណែក លោក គឹម វណ្ណៈ អភិបាលស្រុកសង្កែ ពាក់ព័ន្ធករណីខាងលើនេះផងដែរលោកក៍បានប្រាប់សារព័ត៌មានយើងតាមរយៈទូរស័ព្ទកាលពីល្ងាចមិញថា រឿងហ្នឹងលោកក៏មិនបានដឹងដែរចាំលោកចាត់អោយកម្លាំងចុះទៅស្រាវជ្រាវមើល៕
ព្រៃលិចទឹករាប់រយហិកតានៅស្រុកសង្កែត្រូវអ្នកមានអំណាចឈូសទន្ទ្រានយកធ្វើកម្មសិទ្ធិ