ប្រជាពលរដ្ឋ និង​អាណាព្យាបាល​សិស្ស​ទទូច​អោយ​អាជ្ញាធរ​ជួយ​ជួសជុល​ផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង និង​អាណាព្យាបាល​សិស្ស​មិនតិចជាង​៤០​គ្រួ​សារបាន​ទទូច​សុំអោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ជួសជុល​ផ្លូវ​១​ខ្សែ​ប្រវែង​១០​គីឡូម៉ែត្រ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ងាយស្រួល​ទៅ​សាលារៀន​របស់​កូន ចៅ​។​
​លោក ផល ម៉ៃ អាយុ​៥២​ឆ្នាំ រស់នៅក្នុង​ភូមិ​រូង​១ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី​នៅ​ថ្ងៃទី​០៩ ខែសីហា​បាន​ប្រាប់​អោយដឹងថា ផ្លូវ​១​ខ្សែ​ប្រវែង​១០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវធំ​ក្នុងភូមិ​ព្រៃ​ខ្លួ​ត​មកដល់​ភូមិ​រូង​១​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ទៅមក រួមទាំង​អ្នក​ក្រៅ​ភូមិ​ជាច្រើន​ផ្សេងទៀត​តែងតែ​ធ្វើដំណើរ ពេលនេះ​មាន​សភាព​ពិបាក​ធ្វើដំណើរ​ធ្ងន់ធ្ងរ​ដោយ​ជង្ហុក​ធំៗ​ជាច្រើន​ហើយ​រអិលខ្លាំង​នៅពេល​ភ្លៀង​ធ្លាក់​ម្ដងៗ​ពិសេស​នៅ​រដូវវស្សា​។ លោក​បន្តថា ការពិបាក​នេះ​មាន​រយៈពេល​៣​ទៅ​៤​ឆ្នាំ​មកហើយ​ដែល​ពេលមុន​ធ្លាប់​ជិះ​ម៉ូតូ​តែ​៣០​នាទី តែ​ពេលនេះ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ជាង​១​ម៉ោង បើ​ធ្លាក់ភ្លៀង​ត្រូវ​រអិល និង​ជួប​គ្រោះថ្នាក់​ជា​បន្ដបន្ទាប់​ធ្លាក់​រាំងស្ទះ​មិនអាច​ធ្វើដំណើរ​រួច​សូម្បីតែ​គោយន្ដ​។​
​អ្នកស្រី ក្រូច ទូវ អាយុ​៥៤​ឆ្នាំ​រស់នៅក្នុង​ឃុំ​ព្រៃ​ត្រឡាច​បាន​ត្អូញត្អែរ​ដែរ​ថា ទាក់ទង​ទៅនឹង​ផ្លូវ​ពួកគាត់​មានការ​ព្រួយបារម្ភ និង​មានការ​នឿយហត់​ជាខ្លាំង​ក្នុងពេល​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ម្ដងៗ​ដូចជា​ពេល​ឈឺ​ថ្កាត់​ផ្សេងៗ ស្ត្រី​ទៅ​សំរាលកូន​ការដឹក​កសិផល​ទៅកាន់​ទីផ្សារ​ផងដែរ ក្រៅពីនេះ​ការលំបាក​ក្នុងការ​ធ្វើដំណើរ​របស់​កូនៗ​ជា​សិស្សសាលា​ជិះ​កង់​ឬ​ម៉ូតូ​មិន​រួច បង្ខំចិត្ត​ត្រូវ​ដើរ​ដោះ​ស្បែកជើង​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជាហេតុ​ទៅដល់​សាលា​មិនទាន់​ម៉ោង​ឬ​ត្រូវ​ដួល និង​សាចទឹក​តាមផ្លូវ​ប្រលាក់​ខោអាវ​ស​ជារឿយៗ​។​
​លោក ម៉ន ឈឿង អនុ​ភូមិ​រូង​១​បាន​បញ្ជាក់ដែរថា ផ្លូវ​១​ខ្សែ​ខាងលើនេះ​ជា​សរសៃឈាម​សេដ្ឋកិច្ច​សម្រាប់​កសិករ​ក្នុង​មូលដ្ឋាន​នេះ​និង​ប្រជាពលរដ្ឋ​នៅក្រៅ​ភូមិ​ជាច្រើន​ផ្សេងទៀត​ដែល​ឆ្លងកាត់​ទៅមក​ទាំង​ព្រលប់​យប់​ថ្ងៃ​ព្រោះ​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវធំ​ក្នុង​តំបន់​ទីប្រជុំជន​ស្រុក​ទៅកាន់​ភូមិ ស្រែ​និង​ចំការ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​។​
​មេឃុំ​ព្រៃ​ត្រឡាច​លោក ភី​ន ផុន បាន​គូសបញ្ជាក់ថា មូលនិធិ​ឃុំ​ក្នុង​ឆ្នាំ​២០១៦​នេះ​បានសម្រេច​ដាក់​គម្រោង​ទៅកាន់​ភូមិ​បឹង​ចក​រួចផុត​ហើយ ដោយសារ​នៅ​តំបន់​នោះ​ស្ថានភាព​ផ្លូវ​មាន​សភាព​លំបាក​ខ្លាំង​ជាង​ពី​ព្រៃ​ខ្លូត​ដល់​ចុង​រូង ប៉ុន្ដែ​អាច​នឹងដាក់​គម្រោង​នៅ​ឆ្នាំក្រោយ​អាស្រ័យ​លើ​ការជួបពិភាគ្សាគ្នា​ជាមួយ​ក្រុមការងារ​ក្រុមប្រឹក្សាឃុំ​។​
​ចំណែក​លោក អ៊ុក គង់ អភិបាលរង​ស្រុក​រុក្ខ​គី​រី​បាន​លើកឡើងថា ផ្លូវ​១​ខ្សែ​ក្នុង​កំណាត់​ពី​ផ្លូវបំបែក​ភូមិ​ព្រៃ​ខ្លូត​ដល់​ភូមិ​រូង​១​មាន​គម្រោង​ជួសជុល​ហើយដោយ​ក្រុមការងារ​ចុះជួយ​ស្រុក ប៉ុន្ដែ​បាន​ត្រឹក​តែ​ចម្ងាយ​ផ្លូវ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ដើមផ្លូវ​បំបែក​ដល់​ចំនុច​វត្ត​ព្រៃ​ត្រឡាច​នៅសល់​ប្រវែង​៥៦០០​គីឡូម៉ែត្រ​ទៀត លោក​សូម​អំពាវនាវ​ជាថ្មីទៀត​ដល់​អង្ក​ការ​ជាតិ អន្ដរជាតិ អាជ្ញាធរខេត្ត​ពិសេស​រាជរដ្ឋាភិបាល មេត្តាជួយ​ជួសជុល​សម្រួល​ដល់​ការធ្វើរ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ព្រោះ​ផ្លូវ​១​ខ្សែ​នេះ​មាន​សា​រះ​សំខាន់​ជា​តំបន់​រដ្ឋបាល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​និង​ស្រែចំការ​ក៍​ច្រើន​ដូចគ្នា​៕

13956817_1749291251976104_1720584851_n13942744_1749291328642763_1755485471_n13989714_1749290991976130_567393309_n13988645_1749291321976097_1996695538_n13942165_1749291305309432_1524589287_n14009985_1749291205309442_1136959552_n14011804_1749291218642774_363409320_n14011963_1749291315309431_1919951935_n