រាជធានីភ្នំពេញ៖លោក នេត សាវឿន បានព្រមានដកមេប៉ុស្តិ៍នគរបាលខេត្តព្រៃវែង ចំនួន៧នាក់ ដែលមិនសកម្មការងារ ឬការងារខ្សោយរួមទាំងឥរិយាបថមិនសូវល្អ ។ ប៉ុន្តែលោកបញ្ជាក់ថា ទុករយះពេល២ខែ ដើម្បីឲ្យមេប៉ុស្តិ៍ទាំង៧នាក់នោះ កែប្រែកំហុសខាងលើសិន។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍នៅក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ បានមានប្រសាសន៍ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ ដែលខ្សោយ ទី១.ប៉ុស្តិ៍នគរបាល រដ្ឋបាលអំពិលក្រៅ, ទី២.ប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីសាញ់, ទី៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា, ទី៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរទ្រេត, ទី៥.ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជ្រៀច, ទី៦.ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោងខាងត្បូង និងទី៧.ប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់សឹង្ហ ។ ចំណុចដែលខ្សោយនោះ ទី១. ការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.កម្មវិធីការងារអត់ច្បាស់លាស់ និងទី៣. ការឆ្លើយតបជាមួយប្រជាពលរដ្ឋ មានភាពយឺតយ៉ាវ ។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ត្រូវរុញពីខ្សោយឲ្យឡើងទៅមធ្យម ទី១.ពង្រឹងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.ត្រូវមានកម្មវិធី ការងារច្បាស់លាស់, ទី៣.ប្តូរឥរិយាបទទំនាក់ទំនង ឆ្លើយតបជាមួយប្រជាពលរដ្ឋ, ទី៤.ពង្រឹងជំនាញនគរបាលប៉ុស្តិ៍។ ជាមួយគ្នានោះ លោក ក៏បានជំរុញឲ្យស្នងការ និងអធិការស្រុក-ក្រុង បញ្ចុះកម្លាំងរបស់ខ្លួន ទៅជួយប៉ុស្តិ៍ នគរបាលរដ្ឋបាល ណាដែលខ្វះខាតកម្លាំងផងដែរ៕