រាជធានីភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួល ពីតំណាងអយ្យការ បានបន្តយុទ្ធនាការចុះឃាត់ខ្លួនកម្មករជនជាតិចិន១៩០នាក់ នៅការដ្ឋានសំណង់ Sino Great Wall នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា ការឃាត់ខ្លួនពួកគេនេះ គឺមូលហេតុដោយសារតែពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើជាកម្មករសំណង់ដោយខុសច្បាប់ ក្នុងការដ្ឋានសំណង់ Sino Great Wall មួយនេះ។ លោកបញ្ជាក់ថា ជនបរទេសទាំងអស់កំពុងស្ថិតក្រោមការត្រួតពិនិត្យ ឯកសារ លិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងារ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍៕