ដោយ៖ប៉ែនសុផល
បាត់ដំបង៖ប្រជាពលរដ្ឋបានអោយដឹងថា៖ល្បែងស៊ីសងអាប៉ោងបៀរមួយកន្លែងនៅខាងក្រោយអាហារដ្ឋាន(៩៩)ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ត្រូវបានគេបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃតែមិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះមកមើលឬហាមឃាត់ឡើយបើទោះបីជាវាខុសទៅនិងច្បាប់ក៏ដោយ។
ពលរដ្ឋលើកឡើងថា៖ម្ចាស់ទីតាំងល្បែងស៊ីសងអាប៉ោងបៀរខាងលើត្រូវបានគេស្គាល់ថាឈ្មោះ ឃីម ហើយទីតាំងមួយនេះត្រូវបានគេសង់រោងបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ថ្ងៃដែលបង្ករអោយមានការភ័យខ្លាចយ៉ាងខ្លាំងដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរយៈពេលកន្លងមកស្រុកថ្មគោលតែងកើតមានករណី ចោរលួចគាស់ផ្ទះ និងប្លន់ជាច្រើន ករណីប៉ុន្តែសមត្ថកិច្ចមិនដែលធ្វើការបង្ក្រាបបានម្តងឡើយ។
ប្រភពបន្តទៀតថា៖ដោយការមិនអើពើពីសំណាក់សមត្ថកិច្ចក្នុងការតាមប្រម៉ាញ់ចាប់ក្រុមចោរលួច ឆក់ ប្លន់ទាំងនោះហើយ ទើបធ្វើអោយប្រជាពលរដ្ឋមួយចំនួនបានមានការភ័យខ្លាច រហូតបិទទ្វារផ្ទះចោលមិនហ៊ាននៅផងដែរ។
ពាក់ព័ន្ធទៅនឹងករណីលើកឡើងខាងលើលោក ផង់ សុភាព អធិការស្រុកថ្មគោល បានប្រាប់សារព័ត៌មានយើងនៅព្រឹកថ្ងៃទី១៦ ខែសីហា នេះថា លោកមិនបានដឹងថាទីតាំងខាងលើនេះមានការលេងល្បែងស៊ីសងអាប៉ោងបៀរនេះទេ ចាំលោកអោយខាងប៉ុស្ដិ៍ចុះទៅមើល៕
ល្បែងស៊ីសងអាប៉ោងបៀរមួយកន្លែងក្នុងស្រុកថ្មគោលកំពុងបើកលេងដោយមិនខ្លាចសមត្ថកិច្ច