កំពង់ស្ពឺ៖អ្នករកស៊ីទាំងតូចទាំងធំ ដែលដឹកទំនិញមកពីណាក៏ដោយឱ្យតែឆ្លងកាត់ខេត្តកំពង់ស្ពឺ ពិសេសឆ្លងកាត់ផ្លូវជាតិលេខ៤តែម្តង មិនអាចគេចផុតពីការតាមប្រមាញ់របស់ក្រុមកូនចៅលោក ស៊ុន សុធា នេះឡើយ ទោះបីទំនិញទាំងនោះមានច្បាប់ មានបង់ពន្ធគ្រប់ក៏ដោយ ក៏ត្រូវបង់សេវាឱ្យក្រុមនគរបាលរបស់លោក ស៊ុន សុធា ផងដែរ។
ប្រភពពីក្រុមមន្ត្រីនគរបាលខាងលើបានឱ្យដឹងទៀតថា លោក ស៊ុន សុធា ធ្លាប់ចុះទៅបំពេញការងារ នៅខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង ហើយពេលនោះគាត់ត្រូវរងនូវការរិះគន់យ៉ាងខ្លាំង ពីរឿងកៀរគរក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូនឈើ និងទំនិញគេចពន្ធ ឱ្យចូលបង់លុយ ដើម្បីចៀសផុតពីការបង្ក្រាប និងធ្វើសកម្មភាពតាមអំពើចិត្តដោយគ្មានគោរពអាជ្ញាធរខេត្តនោះឡើយ។
តាមសេចក្តីរាយការណ៍ថា លោក ស៊ុន សុធា ប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះ ប្រតិបត្តិការខេត្តកំពង់ស្ពឺ(បុស្តិ៍ឧត្តុង) និងផ្លូវជាតិលេខ៤ កំពុងតែប្រើអំណាចឥទ្ធិពល គ្របដណ្តប់ទៅលើមន្ត្រីនគរបាលរបស់ខេត្ត តាមរយៈនៃ ការដាក់ពង្រាយកុងត្រូលជជុះ និងឱ្យកូនចៅដេញបង្ក្រាបក្រុមអ្នករកស៊ី ជម្រិតយកលុយជាជាងការស្វែងរកបទល្មើស ។
ពេលនេះចាប់តាំងពីលោក ស៊ុន សុធា បានទទួលលិខិតបេសកកម្ម ជាប្រធានក្រុមប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំប្រតិបត្តិការខេត្តកំពង់ស្ពឺ កាលពីដើមខែសីហា កន្លងទៅនេះ លោក ស៊ុន សុធា បានបែងចែកកម្លាំងក្រោមឱវាទទៅតាមជំនាញ ដើម្បីប្រមូលលុយ យកមកបង់ជូនគាត់ ហើយគាត់ចាំដេកអេះពោះ ប្រមូលលុយដុំៗយ៉ាងត្រជាក់មេជើង និងយកទៅបង់ជូនថ្នាក់លើបន្តផងដែរ ។
ក្រុមអ្នករកស៊ី ដឹកជញ្ជូនឈើ និងទំនិញ តាមផ្លូវជាតិលេខ៥ ត្រូវតែទំនាក់ទំនង ចូលបង់លុយឱ្យនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោក ស៊ុន សុធា ដែលដាក់ប៉ុស្តិ៍នៅក្បែរផ្សារ ឧដុង្គផងដែរ ទៅតាមតម្លៃ ដែលពួកគេបានកំណត់ មានដូចជា លុយប្រចាំខែ ប្រចាំជើង និងលុយថ្លៃបាយ យ៉ាងតិច១ម៉ឺនទៅ២ម៉ឺនរៀល ចំពោះទំនិញស្របច្បាប់ បង់ឱ្យទៅក្រុមមន្ត្រី ដែលប្រចាំការតាមប៉ុស្តិ៍ជជុះទាំងនោះ។ សម្រាប់ក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូនទំនិញ ប្រើប្រាស់រថយន្តយីឌុប ទាំងខ្សែៗ ភាគច្រើនដឹកទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ត្រូវទំនាក់ទំនង បង់លុយដុំជូនលោក ស៊ុន សុធា តាមរយៈមន្ត្រីដែលឈរជើងនៅតាមប៉ុស្តិ៍ ។ ហើយក្រៅពីនេះ ក៏មានមន្ត្រីក្រោមឱវាទច្រើនទៀត ដែលមានជំនាញស្ពាយកាតាប ដើរប្រមូលលុយពីឈ្មួញ តាមក្រុមហ៊ុន ឬតាមហាងកាហ្វេ តាមផ្ទះធ្វើអាជីវកម្មជម្រិតយកលុយដោយគ្មានអៀនខ្មាសអ្វីឡើយ។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខ្សឹបខាងលើនេះដែរ ក្រុមអ្នករកស៊ីបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឱ្យដឹង ផងដែរថា ជារៀងរាល់ថ្ងៃ ក្រុមអ្នករកស៊ី ដែលបានដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ ឆ្លងកាត់ផ្លូវជាតិលេខ៤ ពីខេត្តព្រះសីហនុ និងខេត្តកោះកុង បានរអ៊ូរទាំពីសកម្មភាពកោសរូស បង្ខំឱ្យបង់លុយ ពីសំណាក់មន្ត្រី ប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃក្រោមការដឹកនាំ របស់លោក ស៊ុន សុធា ដែលឈរជើង នៅតាមដងផ្លូវជាតិលេខ៤ និងទូទាំងខេត្តកំពង់ស្ពឺ ពិសេសក្នុងស្រុកភ្នំស្រួច ដែលក្រុមប៉ូលិសនេះបានដាក់កំហិត ឱ្យពួកគាត់បង់លុយ ទៅតាមតែអំពើចិត្ត មិនអាចសុំចុះថ្លៃបានទេ ក្រោមលេស ធ្វើតាមបញ្ជា របស់មេថ្មី (លោកស៊ុន សុធា)។
មន្ត្រីនគរបាលនៅក្នុងនាយកដ្ឋានដែលអត់ខ្សែបាននិយាយថា លោៈក ស៊ុន សុធាដែលទទួលបានការងារត្រួតត្រាអ្នករកស៊ីក្នុងតួនាទីជាប្រធាន ក្រុមប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រតិបត្តិការខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤នេះគឺគាត់បានចាយ ចាយលុយទិញយក លិខិតបេសកកម្ម ពីលោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីបានចុះបំពេញភារកិច្ច ។ចឹងលោកលោក ស៊ុន សុធា បានដាក់ផែនការឱ្យកូនចៅ ដែលមានជំនាញខាងចុះប៉ុស្តិ៍ និងប្រដេញរថយន្តដឹកទំនិញគ្រប់សារពើ ពិសេសពីឈ្មួញរកស៊ីដឹកឈើប្រណីត។
ទោះជាមានពតិមានចឹងក៏ដោយ ក៏គ្មានអ្នកណាហ៊ានក្អកជាមួយដែរ ព្រោះមានសេចក្តីរាយការណ៍ថាៈលោកវរសេនីយ៍ ស៊ុន សុធា ប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រតិបត្តិការខេត្តកំពង់ស្ពឺ គាត់ មានខ្នងបង្អែករឹងមាំ ថ្នាក់ឧបនាយករដ្ឋមន្ត្ រី និងមានឪពុកជាអ្នកតំណាងរាស្ត្រផងដែរ ៕