រាជធានីភ្នំពេញ៖យ៉ាងហោចណាស់ក្នុងមួយឆ្នាំៗរដ្ធបានខាតបង់ថវិការជាតិខ្ទង់លានដុល្លាពីការលួចយកភ្លើងរបស់រដ្ធទៅបំរើអោយសេវាឯកជន ដែលទង្វើនេះគឺជាអំពើពុករលួយមាន លក្ខណះជាប្រព័ន្ធ។
បើតាមប្រភពពីប្រជាពលរដ្ធរស់នៅក្នុងខណ្ឌឫស្សីកែវនិងព្រែកព្នៅនិយាយថា បច្ចុប្បន្នភ្លើងរដ្ឋនៅក្នុងខណ្ឌទាំងពីរខាងលើនេះ ត្រូវបានមន្ត្រីអគ្គសនីឃុបឃិតគ្នាលួចយកទៅផ្គត់ផ្គង់សេវាឯកជនអោយឈ្មួញផលិតទឹកកកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានអះអាងថា នៅក្នុងខណ្ឌឫស្សីកែវ និងព្រែកព្នៅមានទីតាំងផលិតទឹកកកចំនួន៣កន្លែងធំៗជារបស់ឈ្មួញមួយរូប(សូមលាក់ឈ្មោះសិន) ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធក្នុងការលួចភ្លើងរដ្ឋយកទៅប្រើប្រាស់ខុសច្បាប់ ដោយមានការឃុបឃិតគ្នាពីមន្ត្រីអគ្គិសនីប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រពន្ធ និងមានឈ្មោះ កែវ រតនា ជាមន្ត្រីPM ដែលត្រូវជាប្អូនបង្កើតលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំផងដែរ ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា ទីតាំងផលិតទឹកកកទាំង៣កន្លែងខាងលើធ្លាប់ត្រូវបានមន្ត្រីជំនាញផ្នែកអគ្គិសនីចុះ បង្ក្រាបជាច្រើនដងមកហើយនាពេលកន្លងទៅ ប៉ុន្តែរហូតដល់ពេលនេះសិប្បកម្មទឹកកកខាងលើនៅតែអាចដំណើការបានយ៉ាងរលូនដដែលគ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ។ ក្នុងនោះមានទីតាំងផលិតទឹកកកមួយកន្លែងនៅម្តុំខាងលិចផ្សារព្រែកព្នៅ ត្រូវបានខាងមន្ត្រីអគ្គិសនីក្រោមការគ្រប់គ្រងដឹកនាំដោយលោក កែវ រតនៈ ជាអគ្គនាយកយកត្រង់ហ្វូរភ្លើងទៅដាក់ផ្ទាល់ដៃនៅក្នុងដីឡូត៍ទីតាំងផលិតទឹកកកនោះតែម្តងជាហេតុធ្វើអោយមជ្ឈដ្ឋានប្រជាពលរដ្ឋមានការសង្ស័យថា អាចជាការឃុបឃិតគ្នារវាងមន្ត្រីអគ្គិសនី ហើយនិងឈ្មួញឯកជនដើម្បីលួចប្រើប្រាស់ភ្លើងរបស់រដ្ឋខុសច្បាប់ ជាហេតុធ្វើអោយរដ្ឋបាត់បង់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះដែរ លោក កែវ រតនា ដែលប្រភពអះអាងថាគឺជាមន្ត្រីPM និងត្រូវជាប្អូនប្រុសបង្កើតលោកអគ្គនាយកអគ្គិសនីកម្ពុជាដែលធ្វើជាខ្នងបង្អែកអោយឈ្មួញទឹកកកខាងលើនោះ មិនទាន់អាចស្វែងរកសុំការបំភ្លឺបាននៅឡើយទេព្រោះគ្មានលេខទូរស័ព្ទ។
ដោយឡែកលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ព្រោះទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូលបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនឹងស្វាគមន៍គ្រប់ពេលវេលាបើសិនជាមានការបកស្រាយណាមួយ។ ចំពោះព័ត៌មានបន្ថែមនិងមានផ្សាយជូនជាបន្តបន្ទាប់ទៀត៕