ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រោយពីប្រជាកសិករមានការត្អូញត្អែរខណះដែលស្រូវសែនក្រអូបកំពុងមានការធ្លាក់ចុះតម្លៃយ៉ាងកំហុកនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដមច័ន្ទ សុផល អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង និង លោកឧកញ៉ា ភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានធនាគារស្រូវ(កម្ពុជា)ភីអិលស៊ីបានប្រកាសប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃ៨៤០រៀលស្មើ៧បាតក្នុងមួយគីឡូក្រាម។
ប្រជាកសិករក្នុងខេត្តបាត់ដំបងទាំងមូលបានត្អូញត្អែរថា តម្លៃស្រូវសែនក្រអូបនៅពេលប្រមូលផលនេះកំពុងតែត្រូវបានធ្លាក់ចុះតម្លៃយ៉ាងកំហុកជារៀងរាល់ថ្ងៃក្នុងតម្លៃរហូតដល់១គីឡូក្រាមស្មើ៥បាត បើប្រៀបធៀបទៅនិងឆ្នាំមុនខុសតម្លៃគ្នាក្នុង១គុណ២ធ្វើអោយពួកគាត់បាក់ទឹកចិត្តលេងចង់ធ្វើស្រែតទៅទៀត។
ពួកគាត់បន្តទៀតថា ប្រជាកសិករដែលចាប់យករបរធ្វើស្រែទាំងអស់ភាគច្រើនសុតតែបានយកលុយអង្គការទៅទិញពូជ និងជី ក្នុងតម្លៃខ្ពស់ បើសិនជាពេលប្រមូលផលស្រូវបានមានការធ្លាក់តម្លៃបែបនេះធ្វើអោយពួកគាត់បាក់ទឹកចិត្តលែងចង់ធ្វើតទៅទៀតនិងបង្ខំខ្លួនចំណាក់ស្រុក។
ឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវសែនក្រអូបយ៉ាងកំហុកនេះ លោកឧកញ៉ាភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានធនាគារស្រូវ(កម្ពុជា)ភីអិលស៊ី បានចេញប្រកាស់ជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យថាដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូបនៅពេលនេះធនាគារស្រូវសូមប្រកាសទិញស្រូវសែនក្រអូបសោមក្នុងតម្លៃចាប់ពី៨៤០រៀលស្មើរ៧បាតក្នុងមួយគីឡូក្រាមពីកសិករផ្ទាល់នៅនិងស្រែ។
លោកឧកញ៉ា បន្តបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូបនៅពេលនេះមិនមែនតែនៅកម្ពុជានោះទេសូម្បីតែទីផ្សារសកលលោកក៍មានការធ្លាក់ចុះគ្រប់ប្រទេសផងដែរ។
លោក ច័ន្ទ សុផល ក្នុងឱកាសនោះដែរសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ធនាគារស្រូវ(កម្ពុជា)ភីអិលស៊ីដែលបានយក ចិត្តទុកដាក់ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូបមិនអោយធ្លាក់ចុះក្រោមតម្លៃ៨៤០រៀលស្មើរ៧បាតក្នុងមួយគីឡូក្រាម។
លោកបន្តថា ក្នុងការរួមចំណែកទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូបទាន់ពេលវេលាពីធនាគារស្រូវ(កម្ពុជា)ភីអិលស៊ីនេះជាការរួមចំណែកមួយក្នុងលើកទឹកចិត្តដល់ប្រជាកសិករដើម្បីបន្តធ្វើពូជស្រូវធ្ងន់តទៅទៀត៕
ខណៈប្រជាកសិករកំពុងជួបវិបត្តិតម្លៃស្រូវចុះថោក ធនាគារស្រូវប្រកាសទិញក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាម