ព្រះវិហារ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងវេលាម៉ោង១០ និង៤៥ នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤នេះដោយសារតែមានសំឡេងផ្ទុះឮយ៉ាងខ្លាំងដែលគេសង្ស័យជាយន្តហោះបញ្ជាគ្មាន អ្នកបើកបរបានផ្ទុះធ្លាក់នៅបរិវេណតំបន់ប្រាសាទព្រះវិហារ។
ក្រោយហេតុការណ៍នេះ មន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ បានចាត់កម្លាំង ចុះត្រួតពិនិត្យភ្លាមៗ និងរកឃើញបំណែកលោហធាតុយន្តហោះចំនួន ២បំណែក នៅតាមផ្លូវទៅ ត្រពាំងប្រាសាទ និងតំបន់ស្វាយជ្រុំ។ មន្ត្រីយោធាមិនទាន់បញ្ជាក់លំអិតជុំវិញហេតុការណ៍នេះនៅ ឡើយទេ ហើយក៏មិនទាន់ទាក់ទងសាកសួរព័ត៌មានពីភាគីថៃនោះដែរ។
មកដល់វេលាម៉ោង១១ និង០៥នាទីព្រឹកថ្ងៃដដែលនេះ កម្លាំងយោធា ដែលប្រចាំការនៅចំណុចប្រាសាទព្រះវិហារ បានរកឃើញបំណែកយន្តហោះដែលផ្ទុះធ្លាក់ចំនួន២កន្លែង ដោយមួយកន្លែងរកឃើញនៅចំណុចជិតអង្គការអេដស៍ ស្ថិតក្នុងភូមិកន្ទួត ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមួយកន្លែងទៀតត្រូវបានកម្លាំងយោធារកឃើញនៅចំណុច ភូមិស្វាយជ្រុំ ឃុំស្រឯម ស្រុកជាំក្សាន្ត។
គេនៅមិនទាន់ដឹងពីមូលហេតុពិតនៃការផ្ទុះធ្លាក់យន្តហោះនេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថាយន្តហោះដែលផ្ទុះធ្លាក់ខាងលើនេះជាយន្តហោះផលិតនៅប្រទេសណាដែរ ពេលនេះអាជ្ញាធរកំពុងតែធ្វើការពិនិត្យ និងស្វែងរកបំណែកយន្តហោះនោះជាបន្តទៀត។
គួររំលឹកផងដែរថា ការធ្លាក់យន្តហោះបញ្ជាដោយគ្មានមនុស្សបើកនៅតំបន់ព្រំដែនកម្ពុជា ថៃ បានកើតមានពីរបីលើកកន្លងរួចមកហើយ ប៉ុន្តែសមត្ថកិច្ចប្រទេសកម្ពុជាមិនដែលបានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវនោះទេ៕
សមត្ថកិច្ចកំពុងត្រួតពិនិត្យ
បំណែកយន្តហោះ
បំណែកយន្តហោះ